វៀតណាមៈ ព្យុះទីហ្វុងឈ្មោះថា តាឡាស បានវាយប្រហារ នៅភាគកណ្តាលខេត្ត នៃប្រទេសវៀតណាម កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ០៨ នាក់ ខណៈដែល ០៤ នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៧។
តាឡាស គឺជាព្យុះត្រូពិកទី ២ ហើយដែលវៀតណាមបានជួបប្រទះនៅក្នុងឆ្នាំនេះ។
យោងតាមគណៈកម្មាធិការគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានប្រាប់ភ្នាក់ស៊ីនហួ នៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះនេះ បានបណ្តាលឲ្យផ្ទះ ១៧៥ ខ្នង ត្រូវបានដួលរលំ និងបំផ្លាញដំបូលផ្ទះជិត ៦.២០០ ខ្នង ខណៈដែលកប៉ាល់ និងទូកនេសាទចំនួន ៥៧ គ្រឿងត្រូវបានលិច ព្រមទាំងផ្លូវថ្នល់ និងស្ពានជាច្រើនកន្លែងរងការបំផ្លាញផងដែរ។
គួរបញ្ជាក់ដែរថា នៅឆមាសទីមួយ សម្រាប់ឆ្នាំនេះ គ្រោះមហន្តរាយធម្មជាតិ នៅក្នុងប្រទេសវៀតណាម បានសម្លាប់ ឬបណ្តាលឲ្យបាត់ខ្លួនមនុស្ស ២៧ នាក់ និង ៣០ នាក់ទៀតរងរបួស រួមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋ ៥.៩០០ ខ្នង និងជន់លិចដីដំណាំ ១១.៤០០ ហិកតា ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិជាង ១៩,២ លានដុល្លារ៕
មតិយោបល់