ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងជប៉ុន និងតៃវ៉ាន់ ចេញប្រតិបត្តិការភ្លាមៗ ក្រោយពីចិនបង្ហាញវត្តមានយន្តហោះទម្លាប់គ្រាប់បែក

តៃវ៉ាន់ៈ តាមរបាយការណ៍ព័ត៌មាន Liberty Times កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ជប៉ុន និងកោះតៃវ៉ាន់ បានបញ្ចេញយន្តហោះចម្បាំងខ្លួនភ្លាមៗ បន្ទាប់ពីក្រុមយន្តហោះទម្លាក់គ្រាប់ចិន បានហោះហើរឆ្វាចដែនអាកាស នៅលើតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។ នេះបើយោងតាមសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពដដែរ បានបន្ថែមថា វត្តមានយន្តហោះចម្បាំងចិន បានហោះហើរចេញពីសមុទ្រចិនខាងកើត ឆ្ពោះទៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច គឺដើម្បីធ្វើសមយុទ្ធមួយ ដែលទំនងជាធ្វើទ្បើង ដើម្បីព្រមានដល់កោះតៃវ៉ាន់ និងជប៉ុន។

បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងមានជម្លោះដែនទឹកជាមួយទីក្រុងតូក្យូ ដោយអះអាងថា កោះ Senkaku គ្រប់គ្រងពីសំណាក់រដ្ឋាភិបាលជប៉ុន គឺជាដែនទឹករបស់ខ្លួន។

គួរបញ្ជាក់ដែរថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ Xian H-6 ចំនួន៨គ្រឿង និងយន្តហោះគ្មានមនុស្សបើក Shaanxi Y-8 ចំនួន២គ្រឿងរបស់ចិន មិនត្រឹមតែបានហោះហើរឆ្លងកាត់ដែនអាកាស នៅជិតកោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើដំណើរឆ្លងកាត់ Miyako Strait ជាសមុទ្រ​រវាង​កោះ Miyako និង Okinawa នៃ​ប្រទេស​ជប៉ុនទៀតផង ដែលជាហេតុបង្កឲ្យជប៉ុន និងកោះតៃវ៉ាន់ បានបញ្ចេញយន្តចម្បាំងខ្លួនភ្លាមៗ ដើម្បីឆ្លើយតបទៅនិងសកម្មភាពនេះដែរ៕

មតិយោបល់