ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ ក្រោយករណីបាញ់ប្រហារនៅស្ថានទូតខ្លួន ក្នុងប្រទេសហ្ស៊កដានី

ហ្ស៊កដានីៈ ប្រទេសអ៊ីស្រាអែល បានប្រឈមមុខទៅនឹងសម្ពាធដ៏ខ្លាំងក្លាមួយ កាលពីថ្ងៃអាទិត្យ លើបញ្ហាសន្តិសុខដ៏តឹងរ៉ឹងបំផុត នៅកន្លែងដ៏ពិសិដ្ឋមួយ របស់ទីក្រុងយេរូសាឡឹម បន្ទាប់ពីមានជម្លោះបាញ់ប្រហារ នៅឯស្ថានទូតរបស់ខ្លួន ក្នុងប្រទេសហ្ស៊កដានី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ហេតុការនេះដែរ បានធ្វើឲ្យអន្តរជាតិ មានការលើកឡើងនូវក្តីបារម្ភបន្ថែមទៀត បន្ទាប់ពីភាពចលាចលរវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែលបាន​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជា​ទី​បំផុត ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជុំវិញឧបទ្ទវហេតុបាញ់ប្រហារនេះ គឺមានបុរសជនជាតិហ្ស៊កដានីម្នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅរដ្ឋធានីអមម៉ាន ប៉ុន្តែមិនទាន់ច្បាស់ទេថា វាមានជាប់ពាក់ព័ន្ធជាមួយនឹងជម្លោះអ៊ីស្រាអ៊ែល នៅជុំវិញបរិវេណទីក្រុងយេរូសាឡឹមឬយ៉ាងណាទេ។

ប៉ុន្តែហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីវិធានការណ៍សន្តិសុខថ្មី របស់អ៊ីស្រាអ៊ែល ត្រូវបានអនុវត្ត ដោយធ្វើការហាមឃាត់ បុរស​កាន់​សាសនា​សអ៊ីស្លាម​រាប់​រយ​នាក់មិនឲ្យ​ចូល​ទៅ​បួងសួង ​នៅ​ខាង​ក្នុង​វិហារ​ដ៏​ពិសិដ្ឋ​មួយ​
របស់ទីក្រុងយេរូសាឡឹម ដែលបង្កជាអំពើហិង្សា រហូតដល់មានមនុស្សស្លាប់ ០៨ នាក់ កាលពីចុងសប្តាហ៍មុន៕

មតិយោបល់