ភ្នំពេញៈ នារីចំនួន៣នាក់ ត្រូវបានក្រុមជនសង្ស័យដែលមានគ្នា៨នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពជិះតាមពីក្រោយ រួចឆក់យកទូរសព្ទពីនារីរងគ្រោះដែលកំពុងនិយាយតែមិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូតែសំណាងល្អរងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងែទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ម្តុំផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសម្តីនារីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់មានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN- 2155 ទើបតែជិះចេញពីកោះពេជ្រ បម្រុងនឹងទៅផ្ទះនៅម្តុំចម្ការដូង តែជិះដល់ផ្សារដើមគរ មិត្តភក្តិម្នាក់ក្នុងចំណោមនោះ បានហៅឲ្យជូនទៅយកកាដូពីសង្សារ ដែលនៅម្តុំសណ្ឋាគារផ្កាឈូកទិព្វ រួចក៏បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុខាងលើ ម្តុំផ្សារដើមគរ នារីម្នាក់ ដែលអង្គុយខាងក្រោយ កំពុងតែកាន់ទូរសព្ទនិយាយសុខៗ ក៏មានក្រុមជនសង្ស័យ៨នាក់ ជិះម៉ូតូ៤គ្រឿង ដេញតាមនារីរងគ្រោះពីក្រោយ ហើយបានជិះមកជិត ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីនាងតែឆក់មិនបានសម្រេច ក៏បណ្តាលឲ្យដួលម៉ូតូរងរបួសស្រាលទាំង៣នាក់។ ចំណែកក្រុមជនសង្ស័យ បាននាំគ្នា ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗ នារីរងគ្រោះខាងលើ មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ដោយបានទូរសព្ទហៅមិត្តភក្តិឲ្យមកកំដរជិះម៉ូតូទៅផ្ទះវិញ ព្រោះតែខ្លាច ជនសង្ស័យដេញតាមមកម្តងទៀត៕
មតិយោបល់