ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្ដេចជ្ញាវាយប្រហារនុយក្លេអ៊ែរទៅកាន់អាមេរិក បើសិនក្រុងវ៉ាស៊ីនតោនចង់ផ្ដួលរំលំរបបខ្លួន

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្តេជ្ញាថា នឹងធ្វើការវាយប្រហារយ៉ាងដាច់អហង្ការ ទៅកាន់សហរដ្ឋអាមេរិក ជាមួយនិងអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លារបស់ខ្លួន ប្រសិនបើក្រុងវ៉ាស៊ីនតោន ព្យាយាមផ្ដួលរំលំរបបមេដឹកនាំ លោក គីម ជុងអ៊ុន ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Spunitk ចេញផ្សាយនៅថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០១៧។

ការលើកទ្បើងបែបនេះ បានកើតឡើងបន្ទាប់ពីមានការថ្លែងរបស់នាយក CAI លោក Mike Pompeo ក្នុងអំឡុងពេលវេទិកាសន្តិសុខ Aspen កាលពីថ្ងៃទី ២១ ខែកក្កដា ដោយលោកបានប្រាប់កាសែត The New York Times ថា «វាគឺជារឿងដ៏អស្ចារ្យមួយ ក្នុងលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ដើម្បីលែងឲ្យមានអាវុធ ទាំងនោះតទៅទៀត ប៉ុន្តែវាក៏ជារឿងដ៏គ្រោះថ្នាក់បំផុត ចំពោះបុគ្គលដែលគ្រប់គ្រងលើពួកគេ នាពេលសព្វថ្ងៃនេះ។

លោក Pompeo បានបន្ថែមថា «ទស្សនវិស័យរបស់រដ្ឋបាលយើង កិច្ចការដែលសំខាន់បំផុតនៅពេលនេះ គឺយើងត្រូវធ្វើឲ្យបាន ដើម្បីឲ្យបុគ្គលដែលគ្រប់គ្រងពួកគេ និងពួកគេផ្ដាច់ចេញពីគ្នា» ន័យរបស់លោក ចង់សំដៅទៅលើមេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដែលបានពន្លឿនកម្មវិធីនុយក្លេអ៊ែរ ស្របតាមគោលកាលណ៍ពីឪពុករបស់លោក។

បើទោះបីជាលោក Pompeo មិនបាននិយាយដោយផ្ទាល់ថា អាមេរិក ឬ CAI កំពុងស្វែងរកការផ្លាស់ប្តូររបប នៅក្នុងប្រទេសកូរ៉េខាងជើងក៏ពិតមែន ប៉ុន្តែន័យរបស់លោក បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ពិតជាមានបំណងយ៉ាងដូច្នេះមែន។

ហេតុផលនេះហើយ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង នៅទីក្រុងព្យុងយ៉ាង ខណៈដែលបំណងប្រាថ្នា របស់អាមេរិក ចង់ឃើញក្រុមគ្រួសារលោកគីម ត្រូវបានគេបណ្ដេញចេញពីអំណាច៕

មតិយោបល់