ដើម្បីកាត់បន្ថយក្លិនឆ្អាប និងបង្កើនរសជាតិអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់ មនុស្សភាគច្រើនតែងតែបន្ថែមម្ទេសតិច ឬច្រើនទៅតាមចំណង់ចំណូលចិត្ត។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ការបរិភោគរបស់ហិរចូលទៅក្នុងពោះ និងធ្វើឲ្យមានភាពក្រហល់ក្រហាយម្តងទៀត នៅពេលដែលបញ្ចេញមកវិញ។ លើសពីនេះទៅទៀត ប្រសិនបើករណីធ្ងន់ធ្ងរ អាចបណ្តោលឲ្យរលាកក្រពះពោះវៀន និងរន្ធគូថ។ ហេតុនេះហើយ អ្នកគួរតែបញ្ឈប់ការញ៉ាំអាហារហិរខ្លាំង ឬញ៉ាំម្តងម្កាលបានហើយ។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកឯកទេសអាហារូបត្ថម្ភ Shruti Rajagopal បានធ្វើការណែនាំ ដើម្បីកាត់បន្ថយភាពក្រហល់ក្រហាយ បន្ទាប់ពីបរិភោគអាហារហិរ។
១.ជៀសវាងអាហារដែលមានរស់ជាតិហិរខ្លាំង ហើយមានខ្លាញ់ច្រើន ដូចជាស្លាបមាន់ដែលប្រលាក់អំបិលទឹកម្ទេសជាដើម។ កាលណាសារធាតុទាំងពីរនេះចូលក្នុងពោះដំណាលគ្នា ធ្វើប្រព័ន្ធរំលាយអាហារ ពិបាកក្នុងការបំបែក ហើយសារធាតុដែលនៅសេសសល់នឹងបង្កឲ្យរលាកស្បែកជុំវិញរន្ធគូថថែមទៀត។
២.នៅពេលដែលបរិភោគអាហារហិរ អ្នកគួរតែព្យាយាមទទួលទានបន្លែដែលសម្បូរជាតិសរសៃស្របពេលជាមួយគ្នានេះ ឬត្រូវផឹកទឹកឲ្យបានច្រើន បន្ទាប់ពីទទួលទាន។
៣.ផឹកទឹកដោះគោមួយកែវក្នុងអំឡុងពេលអ្នកទទួលទានអាហារហិរ ព្រោះប្រូតេអ៊ីននៅក្នុងទឹកដោះគោ អាចរារាំងសារធាតុហិរមិនឲ្យប៉ះពាល់ដល់សរសៃប្រសាទ។
៤.ប្រសិនបើរន្ធគូថរបស់អ្នករលាក និងរមាស់ បន្ទាប់ពីទទួលទានអាហារហិរ អ្នកគួរលាសម្អាតជាមួយនឹងសាប៊ូដែលមានក្លិនស្រាល ព្រមទាំងទឹកក្តៅឧណ្ឌៗ។ បន្ទាប់មកទៀត សូមជូតសម្អាតឲ្យស្ងួត ដើម្បីកុំឲ្យមានភាពរមាស់បន្តទៀត។
ទោះជាយ៉ាងណា ក្នុងករណីដែលរន្ធគូថមានភាពឈឺចាប់មិនព្រមបាត់ ឬមានសភាពធ្ងន់ធ្ងរ គួរប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះវាអាចបណ្តោលមកពីការឆ្លងមេរោគ៕
ប្រភពៈ thehealthsite
មតិយោបល់