ស៊ីរីៈ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល ៦០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែនអាកាស ដែលដឹកនាំដោយអាមេរិក ទៅលើតំបន់នានា ស្ថិតនៅភាគខាងកើតខេត្តរបស់ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
ប្រភពដដែរ បានឲ្យដឹងថា ក្រុមចម្រុះដែលដឹកនាំ ដោយអាមេរិកបានបើកការវាយប្រហារតាមអាកាស នៅតាមភូមិ និងទីប្រជុំជនមួយចំនួន នៅភាគខាងកើតតំបន់ជនបទរបស់ទីក្រុង Deir al-Zour ក្នុងរយៈពេលពីបីម៉ោងប៉ុណ្ណោះ។
ហេតុការណ៍នេះដែរ មិនត្រឹមតែបណ្ដាលឲ្យមនុស្សជាង ៦០ នាក់ ត្រូវបានសម្លាប់យ៉ាងរង្គាលនោះទេ ប៉ុន្តែក៏មានអ្នកផ្សេងទៀតប្រមាណជាជាង ១០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី បានរងរបួសផងដែរ។
សូមជំរាបថា ក្រុមចម្រុះប្រឆាំងភេរវកម្ម ដែលដឹកនាំដោយអាមេរិក បានវាយប្រហារទីតាំងរដ្ឋអ៊ីស្លាម (IS) នៅភាគខាងជើងប្រទេសស៊ីរី តាំងពីឆ្នាំ ២០១៤ មកម៉្លេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការបរទេសស៊ីរី បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រំលាយក្រុមចម្រុះដឹកនាំដោយអាមេរិកនេះចោល ដោយសំអាងថា ក្រុមនេះ បានបង្កើតឡើងដោយគ្មានការស្នើសុំ ពីរដ្ឋាភិបាលស៊ីរីនោះទេ៕
មតិយោបល់