អូស្ត្រាលីៈ ជើងហោះហើរព្រលានយន្តអន្តរជាតិ Qantas ដែលបានធ្វើដំណើរចាកចេញពី អាកាសយានដ្ឋាន Kingsford Smith ក្នុងទីក្រុងស៊ីដនី ត្រូវបានបង្ខំចិត្តត្រលប់មកវិញ នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានបញ្ហាម៉ាស៊ីន នៅអំទ្បុងពេលហោះហើរលើអាកាស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
យន្តហោះ Airbus A380 QF7 ដែលធ្វើដំណើរទៅកាន់ព្រលានយន្តអន្តរជាតិ Dallas Fort Worth នៅសហរដ្ឋអាមេរិក ត្រូវបានឧបករណ៍របស់ទីភ្នាក់ងារគ្រប់គ្រងចរាចរផ្លូវអាកាសរកឃើញថា មានបញ្ហាធ្លាយប្រេង បន្ទាប់ពីវាបានហោះឆ្វែលជុំវិញអាកាសយានដ្ឋាន។
ក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រុមហ៊ុនអាកាសចរណ៍ Qantas បានឲ្យដឹងថា «ស្លាបទាំងសងខាងនៃយន្តហោះ មិនអាចបញ្ជាបាននោះទេ ដែលជាហេតុបង្កឲ្យវា ធ្វើដំណើរការហោះហើរខុសប្រក្រតី»។
ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យប្រធានក្រុមពីទ្បុត សម្រេចចិត្តហោះត្រលប់មកកាន់ព្រលានយន្តហោះ ទីក្រុងស៊ីដនីវិញផងដែរ។
ចំណែកឯជើងហោះហើរមួយផ្សេងទៀត គឺ Boeing 747 QF63 ដែលចេញដំណើរពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុង Johannesburg របស់ប្រទេសអាហ្វ្រិកខាងត្បូង ក៏ត្រូវវិលត្រលប់ និងធ្វើការចុះចតជាបន្ទាន់ផងដែរ តែមូលហេតុអ្វីនោះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕
មតិយោបល់