ព័ត៌មានអន្តរជាតិ

ពលរដ្ឋអឺរ៉ុប ១៥២ ពាន់នាក់ នឹងត្រូវប្រឈមការស្លាប់ ដោយសារអាកាសធាតុក្ដៅខ្លាំង

បរទេសៈ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនមនុស្សស្លាប់នៅអ៊ឺរ៉ុប ដោយសារគ្រោះមហន្តរាយអាកាសធាតុ អាចនឹងកើនឡើងដល់ ៥០ ដង ខណៈកម្ដៅកាន់តែក្ដៅខ្លាំងទ្បើង ដែលអាចសម្លាប់ជីវិតមនុស្សជាង ១៥០.០០០ នាក់ ក្នុងមួយឆ្នាំ នៅដំណាច់សតវត្សនេះ គឺឆ្នាំ ២១០០ ប្រសិនបើគ្មានវិធានការ ដើម្បីទប់ស្កាត់ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងការសិក្សាមួយរបស់ទស្សនាវដ្ដីសុខភាព Planetary Lancet អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ការរកឃើញរបស់ពួកគេ បានបង្ហាញពីការប្រែប្រួលអាកាសធាតុ នឹងដាក់បន្ទុកកាន់តែខ្លាំងឡើងដល់សង្គម ដោយមនុស្សពីរនាក់ក្នុងចំណោមបីនាក់ នៅអឺរ៉ុប ទំនងជាអាចរងផលប៉ះពាល់ ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់ និងស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មិនមានការគ្រប់គ្រងឲ្យល្អប្រសើរនោះ។

តាមការព្យាករណ៍ បានបញ្ជាក់ថា ប្រសិនបើគ្មានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះទេ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុកាន់តែអាក្រក់ខ្លាំងទ្បើង ព្រោះថាមនុស្សស្លាប់ នៅអឺរ៉ុប បានកើនឡើងពី ៣.០០០ នាក់ ក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០១០ ដែលវាអាចឲ្យគេធ្វើការសន្និដ្ឋានបានថា ក្នុងមួយឆ្នាំមនុស្ស ១៥២. ០០០ នាក់ នឹងត្រូវស្លាប់បាត់បង់ជីវិត នៅចន្លោះឆ្នាំ ២០៧១ ដល់ ២១០០ ។

គណៈកម្មការអឺរ៉ុបនៃមជ្ឈមណ្ឌលស្រាវជ្រាវរួមនៅអ៊ីតាលី លោក Giovanni Forzieri បាននិយាយថា «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំបំផុតមួយ ចំពោះសុខភាពមនុស្សក្នុងពិភពលោក នៅសតវត្សរ៍ទី ២១ ហើយផលប៉ះពាល់របស់វាទៅនឹងសង្គម គឺជាគ្រោះថ្នាក់ដែលបង្កឡើងដោយអាកាសធាតុ។

ក្នុងនោះលោកបានបន្ថែមថា « ប្រសិនបើការកម្ដៅផែនដីកាន់តែកើនទ្បើង ហើយមិនត្រូវបានទប់ស្កាត់ជាបន្ទាន់នោះទេ ប្រជាជនអឺរ៉ុបប្រហែល ៣៥០ លាននាក់ អាចប្រឈមនឹងហានិភ័យអាកាសធាតុ នៅដំណាច់សតវត្សរ៍នេះ៕

មតិយោបល់