ព័ត៌មានអន្តរជាតិ

ចិន កំពុងបង្ហាញសាច់ដុំយោធាដាក់អាមេរិក ជាមួយនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹកលើកទីពីរ

ចិនៈ រដ្ឋាភិបាលក្រុងប៉េងកាំង នៅថ្ងៃសៅរ៍នេះ គ្រោងនឹងធ្វើសមយុទ្ធកងទ័ពជើងទឹក ជាលើកទីពីរ នៅឯឆ្នេរសមុទ្រនៃឧបទ្វីបកូរ៉េ បន្ទាប់ពីសមយុទ្ធមួយរបស់ខ្លួន ដែលទើបតែបានបញ្ចប់ កាលពីមួយសប្តាហ៍មុនប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។

សមយុទ្ធនេះ មានរយៈពេល ០៤ ថ្ងៃ ត្រូវបានគេមើលឃើញថា ទីក្រុងប៉េកាំងធ្វើវាទ្បើង ដើម្បីចង់បង្ហាញសាច់ដុំដាក់អាមេរិក, កូរ៉េខាងជើង និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ។

សូមជំរាបថា វាជាសមយុទ្ធបាញ់គ្រាប់ពិត នឹងប្រព្រឹត្តទៅនៅតំបន់ដាច់ស្រយាលមួយ មានទំហំដីប្រហែលរដ្ឋ West Virginia របស់សហរដ្ឋអាមេរិក ដែលវាស្ថិតនៅជិតឆ្នេរសមុទ្រនៃទីក្រុង Qingdao និងភាគខាងកើតទីក្រុង Lianyungang របស់ប្រទេសចិន។

តាមសេចក្តីថ្លែងការណ៍ពីកងទ័ពជើងទឹកចិន គឺនៅមិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិត ថាតើសមយុទ្ធនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះ បន្តរហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយឬយ៉ាងណានោះទេ៕

មតិយោបល់