ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំរវាងចិន និងវៀតណាម ត្រូវលុបចោលចំពេលមានភាពតានតឹងដាក់គ្នា នៅសមុទ្រចិនខាងត្បូង

ហ្វីលីពីនៈ មន្រ្តីស្ថានទូតក្រុងប៉េកាំង បាននិយាយថា កិច្ចប្រជុំមួយ ដែលបានគ្រោងទុករវាងរដ្ឋមន្ត្រីការបរទេសចិន និងវៀតណាម នៅក្រៅកិច្ចប្រជុំក្នុងតំបន់ ត្រូវបានលុបចោល ខណៈដែលភាពតានតឹង កំពុងកើនឡើងរវាងប្រទេសទាំងពីរ នៅឯសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។

ការលុបចោលនេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីប្រទេសវៀតណាម បានលើកទ្បើងនូវក្ដីព្រួយបារម្ភអំពីការកសាង ទីតាំងយោធានៅលើកោះ រួមទាំងការរិះគន់ទៅលើការធ្វើសមយុទ្ធកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ។

រដ្ឋាភិបាលវៀតណាម បានចោទប្រកាន់ចិនថា បានរំលោភបំពានលើអធិបតេយ្យភាពខ្លួន ដោយអះអាងថា​ ផ្លូវទឹកដែលទីក្រុងប៉េកាំងប្រើប្រាស់ ដើម្បីដឹកជញ្ជូនទំនិញ ក្នុងទំហំទឹកប្រាក់ជាង ៣ សែនកោដិដុល្លារជារៀងរាល់ឆ្នាំ គឺជាដែនទឹករបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្រ្តីស្ថានទូតចិន មិនបានផ្តល់ហេតុផលណាមួយ ចំពោះការលុបចោលកិច្ចប្រជុំ ដែលបានគ្រោងធ្វើនៅថ្ងៃចន្ទ ក្នុងទីក្រុងម៉ានីល រវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសរបស់វៀតណាមនោះទេ៕

មតិយោបល់