ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត៧ វ៉ិចទ័រ វាយប្រហារនៅចិន សម្លាប់មនុស្សអស់ ០៩នាក់ និងរបួស ១៦៤ នាក់

ចិនៈ ប្រភពពីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការក្នុងប្រទេស នៅថ្ងៃពុធនេះ បាននិយាយថា មនុស្ស ០៩ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះមានអ្នកទេសចរណ៍ ០៦ នាក់ ខណៈដែល ១៦៤ នាក់ទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧ រ៉ិចទ័រ បានវាយប្រហារនៅតំបន់ដាច់ស្រយាល និងភ្នំមួយ ក្នុងខេត្តស៊ីឈួន ស្ថិតនៅភាគនិរតីប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

តាមការស្ទង់ទីតាំងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា រញ្ជួយដីនេះ បានវាយប្រហារក្នុងជម្រៅ ១០ គីឡូម៉ែត្រ នៅតំបន់ដែលមានប្រជាជនរស់នៅតិចតួចប៉ុណ្ណោះ ដែលមានចម្ងាយ ២០០ គីឡូម៉ែត្រពីភាគខាងលិច និងភាគពាយព្យនៃទីក្រុងក្វាងយូ កាលពីយប់ថ្ងៃអង្គារ ។

ប្រភពដដែរ បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ប្រមាណជា ៣១.៥០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដីនេះ ខណៈដែលសណ្ឋាគារមួយ បានបាក់រលំ បណ្ដាលឲ្យមនុស្សមួយចំនួន ត្រូវបានជាប់នៅទីនោះ ប៉ុន្តែមនុស្ស ២.៨០០ នាក់ទៀត ត្រូវបានអាជ្ញាធរជម្លៀសចេញពីអគារ ដោយសុវត្ថិភាព៕

មតិយោបល់