ព័ត៌មានអន្តរជាតិ

Update៖ មនុស្សជិត ៦០.០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ ខណៈអ្នកស្លាប់កើនដល់ ១៩ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីនៅចិន

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃពុធទី៩ ខែសីហា បានជម្លៀសប្រជាជនខ្លួនជិត ៦០ ពាន់នាក់ ចេញពីតំបន់ដាច់ស្រយាលមួយ នៅក្នុងខេត្តស៊ីឈួន ភាគនីរតីនៃប្រទេសចិន បន្ទាប់ពីរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ និង ២៦៣ នាក់ទៀតបានរងរបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃអង្គារ ដោយបង្កឲ្យមានការខូចខាតដល់ហេដ្ឋារចនាស័ម្ពន្ធនៅតាមផ្លូវភ្នំ រួមទាំងធ្វើឲ្យរអិលបាក់ដីបំផ្លាញអាគារ ដែលបណ្ដាលឲ្យអ្នកស្រុក ព្រមទាំងភ្ញៀវទេសចរណ៍ជាច្រើននាក់ ភ័យស្លន់ស្លោនាំគ្នារត់ភៀសខ្លួនចេញពីទីនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អភិបាលខេត្ត បាននិយាយកាលពីរសៀលថ្ងៃពុធថា អ្នកទេសចរណ៍ភាគច្រើន ដែលជាប់នៅឧទ្យានជាតិដ៏ពេញនិយម នៅជិតចំណុចកណ្តាលនៃការរញ្ជួយនោះ ត្រូវបានគេជម្លៀសចេញ បន្ទាប់ពីការចំណាយពេលពេញមួយយប់ដ៏គួរឲ្យរន្ធត់ ខណៈដែលផ្ទះជាង ១.០០០ ខ្នងនៅទូទាំងតំបន់ ត្រូវបានដួលរលំដោយសាររញ្ជួយដីនេះ។

តាមបញ្ជាក់ពីអាជ្ញាធរ បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនទ្បើង ខណៈដែលក្នុងចំណោមអ្នករងរបួសទាំងនោះ គឺមាន ១០ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

មតិយោបល់