ព័ត៌មានអន្តរជាតិ

យោធាអាមេរិក រៀបចំកងកម្លាំងប្រដាប់អាវុធ នៅកូរ៉េខាងត្បូង ដើម្បីវាយប្រហារប្រឆាំងនឹងអាវុធប្រល័យលោក

អាមេរិក: ក្រុងវ៉ាស៊ីនតោន នឹងរៀបចំកងកម្លាំងប្រដាប់អាវុធខ្លួន នៅកូរ៉េខាងត្បូង សម្រាប់ការវាយប្រហារប្រឆាំងនឹងអាវុធប្រល័យលោក (WMD) ខណ:ដែលយោធាអាមេរិក
ក៏បានចូលរួមសមយុទ្ធរួមគ្នា ជាមួយកូរ៉េខាងត្បូងផងដែរ នៅជិតតំបន់ស Yeoncheon ដែលបែងចែកប្រទេសកូរ៉េទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

យោធាអាមេរិក បាននិយាយថា ពួកគេចង់ឲ្យកងកម្លាំងរបស់ខ្លួន ដាក់ពង្រាយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីហ្វឹកហ្វឺនសម្រាប់ការវាយប្រហារដ៏មានសក្តានុពល ជាមួយនឹងការប្រើប្រាស់អាវុធធន់ធ្ងន់ ដែលអាចរួមមានទាំងជាតិវិទ្យុសកម្ម ឬគីមីជាដើម។

ក្រុមហ៊ុនអាវុធ EOD របស់កងកម្លាំងអាមេរិក បានបន្ថែមទៀតថា យោធាកូរ៉េខាងត្បូង គួរតែត្រូវបានបង្រៀនឲ្យចេះ កំណត់អត្តសញ្ញាណវត្ថុធាតុដើម ដែលមានគ្រោះថ្នាក់ ជាមួយនឹងការដឹងពីរបៀប ដើម្បីអនុវត្តការត្រួតពិនិត្យ ក៏ដូចជាការទប់ស្កាត់ និងវិធីសាស្ត្រកម្ទេចចោលផងដែរ។

គម្រោងនេះដែរ ត្រូវបានគេរំពឹងថា នឹងក្លាយជាវគ្គបណ្តុះបណ្តាលមួយ មានរយ:ពេល ២ សប្តាហ៍ នៅជំរំយោធាអាមេរិក Camp Humphreys ក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ដែរថា អាមេរិកមានកងទ័ពប្រហែល ២៥,០០០ នាក់ហើយ ដែលត្រូវបានដាក់ពង្រាយ នៅតាមទីតាំងចំនួន ៨០ កន្លែង ស្ថិតនៅទូទាំងប្រទេសនេះ៕

មតិយោបល់