អាមេរិកៈ សារព័ត៌មានក្នុងស្រុក Deseret បានរាយការណ៍កាលពីថ្ងៃពុធថា កងទ័ពអាកាសអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធតាមអាកាសពីរទីតាំង នៅឯមូលដ្ឋានទ័ពអាកាសរបស់អាមេរិក ដែលស្ថិតនៅភាគខាងជើងរដ្ឋយូថាហ៍។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
សមយុទ្ធនេះ រាប់បញ្ចូលទាំងការហ្វឹកហ្វឺនយន្តហោះលើអាកាស ដើម្បីវាយប្រហារទីតាំងសត្រូវ នៅខាងក្រោម ដែលគេហៅថា Combat Hammer និងមួយទៀត គឺការសំកាំងយន្តហោះលើអាកាស ដើម្បីបើកការប្រយុទ្ធគ្នា នៅលើលំហអាកាស ដែលហៅថា Combat Archer បានចាប់ផ្តើមធ្វើទ្បើង កាលពីថ្ងៃចន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែសីហានេះ។
កងទ័ពអាកាសអាមេរិក បានហៅសមយុទ្ធទាំងពីរនេះថា ជាកម្មវិធីវាយតម្លៃប្រព័ន្ធអាវុធ (WSEP) ដោយបានបញ្ជាក់ថា ការធ្វើវាទ្បើងក្នុងគោលបំណង គឺដើម្បីសាកល្បង ក៏ដូចជាធ្វើឲ្យប្រសើរទ្បើងនូវសមត្ថភាពនាវិក ព្រមទាំងអាកាសយានិក ជាមួយបច្ចេកវិទ្យាអាវុធរបស់ពួកគេ ។
សូមជំរាបថា Combat Hammer គឺបានផ្តោតទៅលើសមយុទ្ធបាញ់គ្រាប់កាំភ្លើងពីលើអាកាស ចុះមកខាងក្រោម ដែលធ្វើឡើងដោយកងយន្តចម្បាំង 86th Fighter Weapons Squadron។ ចំណែកឯសមយុទ្ធ Combat Archer គឺការធ្វើតេស្តអាវុធពីលើអាកាស ត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំង 83rd FWS នៅមូលដ្ឋានទ័ពអាកាស Tyndall៕
មតិយោបល់