ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ពេលនេះពួក ISIS កំពុងព្យាយាមគ្របដណ្តប់ប្រទេសអាហ្វហ្គានីស្ថានហើយ

(រុស្ស៊ី)៖ ក្រុមរដ្ឋអ៊ីស្លាម ISIS បាននិងកំពុងតែពង្រីកវិសាលភាពរបស់ពួកគេមកកាន់ ប្រទេស អាហ្វហ្គានីស្ថាន ហើយការវិវឌ្ឍនេះបានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០១៥មកម្ល៉េះ ដោយបច្ចុប្បន្ន ក្រុមសកម្មភាពប្រយុទ្ធនេះមានគ្នាជាង ៦,០០០នាក់ហើយ នៅប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦ នេះ ដោយដកស្រង់សម្តី របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Grigory Karasin។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីខាងលើ ដែលមានឯកសារសម្ងាត់ពាក់ព័ន្ធនឹងរឿងនេះបានបង្ហើបទៀតថា ពួក ISIS មានបណ្តាញស្ថិតនៅក្នុង ២៥ខេត្ត ក្នុងចំណោម ខេត្តទាំងអស់ ៣៤ របស់ប្រទេស អាហ្វហ្គានីស្ថាន ហើយវានឹងកាន់តែរីកធំឡើងថែមទៀត ប្រសិនបើមិនមានវិធានការណាមួយទប់ស្កាត់ ស្របពេលដែល ទីតាំងភូមិសាស្ត្ររបស់អាហ្វហ្គានីស្ថាន ក៏អំណោយផលខ្លាំងសម្រាប់ពួកគេនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នបណ្តាញក្រុម ISIS នៅស៊ីរី និង អ៊ីរ៉ាក់ កំពុងថមថយឥទ្ធិពលដោយសារតែការ វាយប្រហារពីកងកម្លាំងសម្ព័ន្ធមិត្តអាមេរិក និង កងទ័ពរដ្ឋាភិបាលស៊ីរី។ ពួក ISIS បានប្រើប្រាស់វិធី ពង្វក់យុវជនតាមរយៈប្រព័ន្ធអ៊ីនធឺណែត ដើម្បីឲ្យពួកគេផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និង មកចូលរួម ដោយផ្ទាល់តែម្តង៕

   
 

មតិយោបល់