ឥណ្ឌា: មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បាននិយាយថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនទ្បើងដល់ ២០នាក់ហើយ ដោយក្នុងនោះរួមមានសាកសពមន្ត្រីជាន់ខ្ពស់យោធាពីររូប និង១៨នាក់ទៀតជាកងទ័ព ខណៈ១៧នាក់រងរបួស នៅក្នុងអគ្គិភ័យផ្ទុះឃ្លាំងរំសេវដាក់គ្រប់របស់យោធាមួយកន្លែង នៅភាគខាងលិចរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
អគ្គិភ័យនេះ បានផ្ទុះឡើងនៅម៉ោងប្រហែល ១ព្រឹក នៅឯ Central Ammunition Depot ដែលជាឃ្លាំងរំសេវធំបំផុតរបស់ឥណ្ឌា នៅក្នុងរដ្ឋ Pulgaon។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពភ្លើងឆាបឆេះខ្លាំង និងបានរាយការណ៍ថា មនុស្សប្រមាណជា ១០០០នាក់ រស់នៅភូមិមួយក្បែរនោះ ត្រូវបានជម្លៀសចេញផងដែរ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ មន្ត្រីប៉ូលិសបាននិយាយថា មូលហេតុនៃការឆេះនេះមិនត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែការស៊ើបអង្កេតសំខាន់មួយ ត្រូវបានគេបញ្ជាចូលទៅក្នុងឧបទ្ទវហេតុខាងលើនេះ៕
មតិយោបល់