អេស្ប៉ាញៈ ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា ជនសង្ស័យក្នុងហេតុការណ៍ វាយប្រហារភេរវកម្មពីរលើក នៅអេស្ប៉ាញ មិនមែនមានត្រឹមតែគម្រោងបើករថយន្តដឹកទំនិញ បំបុកចូលហ្វូងមនុស្សបណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់នៅតាមដងផ្លូវនោះទេ ប៉ុន្តែនៅមានផែនការវាយប្រហារដ៏ធំផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
ក្រោយហេតុការណ៍វាយប្រហារនេះ ប៉ូលិសបាននិយាយថា មានជនសង្ស័យភេរវករចំនួន ១២ នាក់ ដោយ ០៥ ត្រូវបានបាញ់សម្លាប់ និង ០៤ នាក់ទៀត ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានវាយអ្នកថ្មើរជើង នៅក្នុងតំបន់រមណីយដ្ឋានទីក្រុងខេមប្រ៊ីលស៍ ជាទីកន្លែងវាយប្រហារភេរវកម្មលើកទី២ នៅក្នុងប្រទេស ចំណែកឯមនុស្ស ០៣ នាក់ទៀត ត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែនៅមិនទាន់ចាប់ខ្លួនបានទេ។
តាមរយៈការស៊ើបអង្គេត នៅក្នុងករណីវាយប្រហារភេរវកម្មដ៏ស្មុគស្មាញនេះ ប៉ូលិសបានបង្ហើបឲ្យដឹងថា ជនសង្ស័យ នៅមានគម្រោងវាយប្រហារដ៏ធំជាងនេះទៅទៀត។
គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះ មនុស្សសរុបចំនួន១៤នាក់ហើយ បានបាត់បង់ជីវិត និងប្រមាណជា ១៣០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ប្រហារភេរវកម្មចំនួនពីរលើក បង្កទ្បើងដោយក្រុម ISIS នៅឯទីក្រុងបាសេឡូណា (Barcelona) និងទីក្រុងខេមប្រ៊ីលស៍ (Cambrils) នៃប្រទេសអេស៉្បាញនាសប្តាហ៍នេះ៕
មតិយោបល់