ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Ronaldo ជាប់លេខ១ លើ Forbes រកចំណូលលើស Messi

អាម៉េរិកៈ យោងតាមទស្សនាវដ្តីពាណិជ្ជកម្មអាម៉េរិក Forbes បានចុះផ្សាយឲ្យដឹងថា កីឡាករ Cristiano Ronaldo និង Lionel Messi ជាកីឡាករ ដែលមានទ្រព្យក្នុងដៃច្រើនបំផុត នៅលើពិភពលោក ។

តារាបាល់ទាត់ក្លឹប Real Madrid កីឡាករ Ronaldo ជាប់ឈ្មោះជាកីឡាកររកថវិកាបានច្រើនជាងគេ រហូតដល់ទៅជាង ៨៨ លានដុល្លារ ក្នុងរយៈពេល ១២ខែ ខណៈដែល Messi របស់ក្លឹប Barcelona រកបានតែ ៨១.៤ លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ ស្ថិតនៅលំដាប់ទី២ ។

ដើមឡើយ កីឡាករវាយកូនហ្គោល Tiger Woods និងអ្នកប្រដាល់អាម៉េរិក Floyd Mayweather ជាអ្នកដែលរកថវិកាបានច្រើនជាងគេ ក្នុងចំណោមកីឡាករ ប៉ុន្តែដោយសារតែ Tiger Woods កំពុងក្រាញននៀលនឹងរបួស ខណៈដែល Floyd ចូលនិវត្តន៍ ក៏ជាឱកាសម្រាប់កីឡាករទាំងពីរ ដណ្តើមតំណែងកំពូលតារាង។

ប្រធានក្រុមបាល់ទាត់ព័រទុហ្កាល កុងត្រាជាមួយ Madrid រហូតដល់ឆ្នាំ២០១៨ ដោយតម្លៃ ៥០លានដុល្លារ ក្នុងមួយឆ្នាំ បូករួមទាំងប្រាក់បន្ថែមផ្សេងៗទៀត ។

ទស្សនាវដ្តី Forbes ក៏បានគណនាចេញផងដែរថា Ronaldo រកបាន ៣២លានដុល្លារអាម៉េរិក ពីទីលាន ដោយចុះហត្ថលេខា ជាមួយ ក្រុមហ៊ុន Nike ក្នុងតម្លៃ ១៣លានដុល្លារអាម៉េរិក កាលពីឆ្នាំទៅ ខណៈដែលគាត់រីករាយ ជាមួយនឹងក្រុមហ៊ុន Tag Heuer, Herbalife, Pokerstars និង សាប៊ូកក់សក់ Clear ។ ក្រៅពីនេះ កីឡាករ CR7 នៅមានការងារផ្ទាល់ខ្លួនទៀត គឺ ហាងលក់ខោក្នុង។

ដោយឡែកកីឡាករ Messi រកបាន ២៨លានដុល្លារអាម៉េរិក ពីម្ចាស់ឧបត្ថម្ភ ក្នុងរយៈពេល ១២ខែ ជាមួយគ្នានេះដែរ កុងត្រាជាមួយនឹងក្រុមហ៊ុន Adidas ចំនួន ១០លានដុល្លារ។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន គឺរកបាន ពីម្ចាស់ឧបត្ថម្ភ ដូចជា Huawei, Tata Motors, PepsiCo, Gillette និង Electronic Arts ។

កីឡាករបាល់បោះស្ថិតនៅលេខរៀងទី៣ LeBron James រកបាន ៧៧.២ លានដុល្លារអាម៉េរិក តារាវាយតិន្នីស Roger Federer លេខរៀងទី៤ រកបាន ៦៧.៨លានដុល្លារអាម៉េរិក និងតារាបាល់បោះ Kevin Durant ស្ថិតនៅលេខរៀងទី៥ រកចំណូលបាន ៥៦.២ លានដុល្លារអាម៉េរិក ៕

photo_2016-06-09_21-15-57

មតិយោបល់