ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន ថៅកែម្នាក់ ហើយក្នុងប្រតិបត្តការ បង្ក្រាបហាងបញ្ចាំ!

ភ្នំពេញៈ នៅក្នុងប្រតិបត្តិការបង្ក្រាបហាងបញ្ចាំខុសច្បាប់ក្នុងទឹកដីរាជធានីភ្នំពេញ តាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីថ្មោងថ្មី យ៉ាងហោចណាស់មានថៅកែហាងបញ្ចាំ ម្នាក់ហើយ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារពាក់ព័ន្ធនឹងករណី ទទួលបញ្ចាំម៉ូតូ និងសម្ភារៈរបស់ចោរ។

យោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមរយៈ Telegram នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ សុត ពិសិដ្ឋ ជាបណ្ដោះអាសន្ននៅពន្ធនាគារហើយ។

សូមបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះបានធ្វើឡើង ក្រោយពេលដែល លោក ស៊ិន វីរៈ ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស ជាម្ចាស់ហាងបញ្ចាំ ម៉ូតូ និងរថយន្ត មួយកន្លែង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទ ទទួលផលចោរកម្ម យោងតាមមាត្រា ៣៩៩ និងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពខណ្ឌសែនសុខ ដោយមានការសម្របសម្រួលរបស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅ បានចុះទៅពិនិត្យទីតាំងហាងបញ្ចាំខាងលើ ដោយរកឃើញ ម៉ូតូចំនួន ៥៤គ្រឿង និងរថយន្តអត់បង់ពន្ធចំនួន ២គ្រឿង មានភាពមិនប្រក្រតី។

ក្រោយរកឃើញភស្តុតាង មានភាពមិនប្រក្រតី ខាងលើ លោកព្រះរាជាអាជ្ញា បានសម្រេចបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស ជាម្ចាស់ហាង និងដកហូតវត្ថុតាងទាំងអស់បញ្ជូនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

មតិយោបល់