ហ្វីលីពីនៈ អ្នកនាំពាក្យយោធាម្នាក់ នៅថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងរដ្ឋាភិបាល នៅតែបន្តការប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ដែលបានកាន់កាប់នៅទីក្រុងម៉ារ៉ាវី ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
អស់រយៈពេលជាង ៣ ខែកន្លងមកនេះ កងកម្លាំងរដ្ឋាភិបាល បានបន្តការប្រយុទ្ធឆ្ពោះទៅមុខ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS នៅទីតាំងសេសសចុងក្រោយ ដែលពួកគេបានគ្រប់គ្រងនៅក្នុងទីក្រុង។
ថ្លែងនៅឯវិមានប្រធានាធិបតី Malacanang អ្នកនាំពាក្យយោធាលោក Brig. Gen. Resituto Padilla បាននិយាយថា «សត្រូវរបស់ពិភពលោក នៅពេលនេះ កាន់តែតូចទៅៗ »។
ក្នុងនោះលោកបានបន្ថែមថា «កងទ័ពរដ្ឋាភិបាល នៅតែបន្តឈរជើងនៅតំបន់ប៉ះទង្គិចគ្នានោះ ដែលមានផ្ទៃដីកន្លះគីឡូម៉ែត្រការ៉េ …ដោយយើងនឹងបន្តបោសសម្អាតពួកនោះ នៅផ្នែកសេសសល់នៃទីក្រុង ហើយក៏នឹងធ្វើការផ្សះផ្សារជម្លោះផ្នែកខាងក្នុង ជាមួយសត្រូវផងដែរ ដើម្បីបញ្ចប់វិបត្តិនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ទៀតថា «នេះគឺជាប្រតិបត្តិការដ៏ទន់ភ្លន់មួយ ដែលយើងត្រូវការធ្វើវាយឺតៗ ដោយសារតែបញ្ហាឧបករណ៍គ្រាប់បែក (IEDs) ដែលត្រូវបានគេដាក់បង្កៃនៅតាមដងផ្លូវទាំងអស់ កំពុងជាបញ្ហាធ្វើឲ្យកងទ័ពរបស់យើង ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់គ្រប់វិនាទី»៕


មតិយោបល់