ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ រួមជាមួយកូនប្រុស ភៀសខ្លួនដល់ទីក្រុងឌូបៃ

បរទេសៈ ទូរទស្សន៍ CNN បានដកស្រង់សម្តីពីសមាជិកជាន់ខ្ពស់​នៃគណបក្សភៀថៃ របស់លោកស្រី យីងឡាក់ បានប្រាប់ឲ្យដឹងថា លោកស្រី យីងឡាក់ និងកូនប្រុសអាយុ ១៥ ឆ្នាំ បានភៀសខ្លួនចេញពីប្រទេស មុនពេលដែលតុលាការថៃ បានរៀបចំប្រកាសសាលក្រមមួយ ​ជុំវិញសំណុំរឿងនយោបាយ​ទិញស្រូវបរាជ័យ​របស់លោកស្រី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

ប្រភពដដែរបានបន្ថែមថា «លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​​ធ្វើដំណើរតាមផ្លូវគោកទៅកាន់​ប្រទេសកម្ពុជា ហើយឡើងយន្តហោះបន្តទៅប្រទេសសិង្ហបុរី មុននឹងបន្តដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ឌូបៃ ដោយនៅពេលនេះ លោកស្រីកំពុងតែស្ថិត​នៅ​ទីក្រុងឌូបៃហើយ»។

ការគេចខ្លួនរបស់លោកស្រី យីងទ្បាក់ ទៅកាន់ទីក្រុងឌូបៃ ត្រូវបានគេសង្ស័យថា បានធ្វើទ្បើងតាំងពីថ្ងៃទី២៣ ខែសីហា​​​មកម្ល៉េះ ក្នុងគោលបំណងដើម្បីជួបជុំ​ជា​មួយ​បង​​ប្រុស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​​កំពុង​រស់នៅទីនោះ។

សូមជំរាបថា កាលពីថ្ងៃសុក្រទី២៥ ខែសីហានេះ​ គឺជាថ្ងៃដែល​លោកស្រី យីងឡាក់ ត្រូវចូលបង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​កំពូលថៃ ដើម្បីរង់ចាំ​ស្តាប់​​ការ​​ប្រកាស​​សាល​ក្រម​ ពាក់ព័ន្ធនឹង​សំណុំរឿងនយោបាយ​ទិញស្រូវបរាជ័យ​របស់លោកស្រី ប៉ុន្តែអតីតមេដឹកនាំ​ថៃរូបនេះ​ មិនបានបង្ហាញ​ខ្លួន​​​​ឡើយ ដោយ​មេធាវីរបស់​លោកស្រី​បានញ្ជាក់ថា លោកស្រីមាន​បញ្ហាសុខភាព៕

មតិយោបល់