ព័ត៌មានអន្តរជាតិ

វាកើតឡើងហើយ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងលោក ត្រាំ និងលោក គីម ចាប់ផ្ដើមនៅព្រឹកថ្ងៃនេះ

សិង្ហបុរី: កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ៍នេះ នៅឯកោះ Sentosa ដោយអាមេរិក នឹងផ្តល់ការធានាសន្តិសុខពិសេសមួយ សម្រាប់ការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ការរំពឹងថា នឹងមានកិច្ចប្រជុំមួយទល់នឹងមួយរវាងលោក គីម និង លោក ត្រាំ នៅសណ្ឋាគារ Capella ជាលើកដំបូង ដែលប្រធានាធិបតីអាមេរិក និងអង្គុយតុចរចាជាមួយមេដឹកនាំកូរ៉េខាងជើង បានកើតទ្បើងហើយ ខណៈការពិសាអាហារថ្ងៃត្រង់របស់ពួកគេ ក៏ស្ថិតក្នុងដំណើរនេះផងដែរ។

ពាក់ព័ន្ធនឹងជំនួបនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ បាននិយាយនៅមុនកិច្ចប្រជុំកំពូលថា « ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង រួមទាំងការផ្ទៀងផ្ទាត់យ៉ាងពេញលេញ នឹងមិនអាចផ្លាស់ប្តូរបានទ្បើយនៅលើឧបទ្វីបកូរ៉េ ដែលវាជាលទ្ធផលតែមួយគត់ សម្រាប់អាមេរិកព្រមទទួលយក»៕

មតិយោបល់