ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ០៨ និង១៥ នាទីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត បើកបុកម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូមែត្រ ១៤៩-១៥០ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថយន្តបង្កម៉ាក toyota sina ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត
លុះដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ារថយន្តមួយទៀត ដែលធ្វើដំណើរស្របទិសគ្នា រួចរេចង្កោតទៅបុកម៉ូតូម៉ាក SUZUKI វីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺ ដោយអ្នកបើកបរឈ្មោះ ឡាច សៀង អាយុ ២៥ ឆ្នាំ ប្រុស ខ្មែរ មានលំនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ធ្វើចរារណ៍ច្រាសទិសគ្នា គឺពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុរថយន្តបង្ក បានបើកទាំងបែកកង់មុខខាង ឆ្វេងយកមកទុកចោល នៅមុខហាងបាយឡានក្រុង ចម្ងាយ ១០០ មែត្រ រីឯអ្នកបើកបររត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យស្រុកក្រគរ ចំណែកឯរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក៕
មតិយោបល់