វៀតណាមៈ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Damrey វាយប្រហារនៅភាគកណ្ដាលប្រទេសវៀតណាម បានបន្តកើនឡើងរហូតដល់ ៤៩ នាក់ហើយ កាលពីម្សិលមិញ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
តួលេខចុងក្រោយនេះ គឺទទួលបានពីគណៈកម្មាធិការគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ក្នុងប្រទេស ដែលបានឲ្យដឹងទៀតថា មនុស្ស ២៧ នាក់ កំពុងបាត់ខ្លួន ខណៈដែល ៦៤ នាក់ទៀតបានរងរបួស ចាប់តាំងពីព្យុះនេះ បានបោកបក់នៅតំបន់ភាគកណ្ដាល និងខាងត្បូងនៃប្រទេស។
អាជ្ញាធរវៀតណាម បាននិយាយពីថ្ងៃអាទិត្យថា «មកទល់ពេលនេះ ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងព្យុះទីហ្វុងដ៏អាក្រក់បំផុត ដោយសារតែកម្រិតទឹកក្នុងស្ទឹងជាច្រើន នៅតំបន់ខ្ពង់រាបកណ្តាល និងភាគកណ្តាល កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ ហើយអាងស្តុកទឹកខ្លះ អាចប្រឈមនឹងការបំផ្លាញ ប្រសិនបើតំបន់ទាំងនោះ នៅតែមានបន្តភ្លៀងធ្លាក់ឥតឈប់ឈរ»។
សូមជំរាបថា ព្យុះទីហ្វុងនេះ បានបោកបក់ពន្លិចកប៉ាល់ដឹកទំនិញ កប៉ាល់នេសាទត្រី និងទូកជិត ២៣០ គ្រឿង ព្រមទាំងបានបំផ្លាញផ្ទះ ១,៣៥៨ ខ្នងនៅខេត្តង្វៀនទ្រៀ, ខាញ់ហូវ, បិឌីញ់, ភូយ៉េន, ចាឡៃ, ដាក់ឡាក់, ដាក់ណុង និងឡាំដុង ខណ:ដែលផ្ទះជាង ១១៤,៨៨៦ ខ្នងទៀត ត្រូវបានប៉ើងដំបូល និងរងការខូចខាត ថែមទាំងបណ្តាលឲ្យមានការដាច់ភ្លើង នៅតាមបណ្ដាតំបន់ភាគកណ្តាល និងខ្ពង់រាបកណ្តាល ក្នុងខេត្តជាច្រើនទៀតផង។ មិនតែប៉ុណ្ណោះព្យុះកំណាចមួយនេះ ក៏បានបំផ្លាញផលដំណាំ ២០,០០០ហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន រងការខូចខាតផងដែរ៕
មតិយោបល់