រុស្ស៊ីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានផលិតគ្រាប់បែកជាច្រើន សម្រាប់ការវាយប្រហារយន្តហោះគ្មានមនុស្សបើក UAV ដែលវាអាចរត់បានចម្ងាយរហូតដល់ទៅ ៥០ គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik បានដកស្រង់ប្រភពពីឧស្សាហកម្មអាវុធជាតិមួយ បាននិយាយថា គ្រាប់បែកដែលបានផលិតទាំងនោះ មានប្រវែងចន្លោះពី ១ ទៅ ២ ម៉ែត្រ ខណៈដែលវាអាចពាំក្បាល់គ្រាប់ រត់បានចម្ងាយពី ៧ ទៅ ៥០ គីឡូម៉ែត្រឯណោះ ព្រមទាំងមានសមត្ថភាព អាចផ្លាស់ប្តូរទីតាំង វាយប្រហារតាមគោលដៅរបស់វា ជាមួយនឹងប្រព័ន្ធបញ្ជាដោយឡាស៊ែរ។
UAV ជាច្រើនគ្រឿង ត្រូវបានប្រើយ៉ាងទូលំទូលាយ ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្នុងប្រតិបត្តិការរបស់ខ្លួន នៅប្រទេសស៊ីរី។
សូមជំរាបថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានធ្វើប្រតិបត្តិការចំនួនជាង ១៤,០០០ ជើងមកហើយ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធា ក្នុងប្រទេសស៊ីរី កាលពីឆ្នាំ ២០១៥ ៕
មតិយោបល់