UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិបត្តិជនជាតិដើម ភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីមានការព្រមានដោយប្រធានសិទ្ធិមនុស្សថា ការបោសសម្អាតជាតិសាសន៍មួយនេះ កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ប្រទេសអង់គ្លេស និងស៊ុយអែត បានស្នើសុំឲ្យមានការប្រជុំនៅថ្ងៃពុធនេះ ដើម្បីប្រឆាំងទៅនឹងវិបត្តិមនុស្សធម៌ ដែលកំពុងតែរីករាលដាលនៅមីយ៉ាន់ម៉ា។
យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា តាំងពីអំពើហិង្សាបានចាប់ផ្តើម កាលពីថ្ងៃទី ២៥ ខែសីហាកន្លងមក បន្ទាប់ពីពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានវាយប្រហារនៅប៉ុស្តិ៍ប៉ូលិសនោះ ក៏បង្កឲ្យមានការបង្ក្រាប ដោយយោធារដ្ឋាភិបាលវិញ ដែលអំពើហិង្សានេះ បានបណ្ដាលឲ្យជនជាតិដើមរ៉ូហ៊ីងយ៉ាប្រមាណ ៣៧០,០០០ នាក់ហើយ បានរត់ភៀសខ្លួនពីភាគខាងលិចរដ្ឋរ៉ាឃីន ទៅកាន់ប្រទេសបង់ក្លាដេស។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃច័ន្ទ លោក Zeid Ra’ad Al Hussein ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទិ្ធមនុស្ស នៃអង្គការសហប្រជាជាតិ បានចោទប្រកាន់អាជ្ញាធរមីយ៉ាន់ម៉ាថា កំពុងប្រតបត្តិការបោសសម្អាតជនជាតិរ៉ូហ៊ីងយ៉ា ឲ្យអស់ចេញពីប្រទេសខ្លួន ដោយមិនគិតពីគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិទ្បើយ៕
មតិយោបល់