ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះបានបញ្ជូនជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៨គីឡូក្រាម។
យោងតាមការបញ្ជាក់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ជាអ្នកសម្របសម្រួលក្នុងការបង្ក្រាប បានឲ្យដឹងតាម Telegram ថា នៅក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចជាអ្នករាយការណ៍ មិនមែន៤នាក់ទេ គឺ៦នាក់ ដោយមានទាំងកូនង៉ាទៀតផង។ លោកបន្តថា បើចង់ច្បាស់បញ្ជាក់ទៅសមត្ថកិច្ច។
សមត្ថកិច្ចបានបញ្ជាក់នៅព្រឹកនេះថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការ ត្រូវតែនាំខ្លួនទៅសួរនាំសិន ហើយនៅពេលសមត្ថកិច្ចសាកសួរទៅ មិនមានការជាប់ពាក់ព័ន្ធគឺ ត្រូវតែឲ្យគេត្រលប់ទៅផ្ទះវិញ។
សូមបញ្ជាក់ជូនថា នៅក្នុងវង្វង់ប្រតិបត្តិការបង្ក្រាបកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នោះរួមមាន ទី១ឈ្មោះ ហៀក ដារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ អ្នករៀបចំការទំនាក់ទំនងចែកចាយ និងលក់គ្រឿងញៀននៅភ្នំពេញ ២ឈ្មោះ សូគី ថនថៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឡាវ មានទីលំនៅពិត ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងមានទីលំនៅបណ្ដោះអាសន្ន ផ្ទះជួល លូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកកាន់គ្រឿងញៀន ៣ឈ្មោះ ស៊ុម ម៉ៃ អាយុ២៧ឆ្នាំ ជាអ្នកកាន់គ្រឿងញៀន និងទី៤ឈ្មោះ សែន ឫទ្ធី អាយុ៣៩ឆ្នាំ ជាអ្នកកាន់គ្រឿងញៀន។
ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យតែ៣នាក់ ក្នុងចំណោមជនសង្ស័យទាំង៤នាក់ខាងលើប៉ុណ្ណោះទៅកាន់តុលាការ ដោយសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ ជនសង្ស័យដែលមិនពាក់ព័ន្ធ និងត្រូវសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញនោះទេ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាល «ក៩» នៃមន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្ដបន្ទាប់ រហូតឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ និងគ្រឿងញៀនជាប្រភេទម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថា ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួនជាង៨គីឡូក្រាម ព្រមទាំងដកហូតបានម៉ូតូ ចំនួន២គ្រឿង និងទូរសព្ទដៃចំនួន៥គ្រឿង នៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់នេះ កម្លាំងជំនាញបានបន្តទៅឆែកផ្ទះរបស់ឈ្មោះ ហៀក ដារ៉ា នៅផ្ទះលេខ៣០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផល រកឃើញសារធាតុញៀនចំនួន ២កញ្ចប់តូច មានទម្ងន់ប្រហែល២០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ និងបានហៅប្រពន្ធ ឈ្មោះ ស៊ឹម សេងឡៃ អាយុ៤២ឆ្នាំ ដើម្បីសាកសួរបន្ថែម។
យោងតាមសមត្ថិច្ចបានឲ្យដឹងថា គ្រឿងញៀនដែលដកហូតបាន ជាប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) មានទម្ងន់សរុប៨,១៩៧.២៨ក្រាម។
សមត្ថកិច្ចបន្ដថា គេនៅមិនទាន់ដឹងថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារងរូបណាកាន់នៅឡើយទេ៕
https://youtu.be/Fn5eDMg3l4s
មតិយោបល់