តួកគីៈ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋ បាននិយាយនៅថ្ងៃអាទិត្យថា រដ្ឋាភិបាលតួកគី បានបញ្ជូនរថយន្តយោធាចំនួន ៨០ គ្រឿង ក្នុងរួមមានទាំងរថក្រោះផងដែរ ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
ដកស្រង់ប្រភពពីមន្ត្រីយោធា មិនបានបញ្ចេញឈ្មោះ បានឲ្យដឹងថា ការដាក់ពង្រាយនេះ គឺជាផ្នែកមួយ សម្រាប់ការពង្រឹងកងកម្លាំងទ័ព ដែលឈរជើងនៅតាមតំបន់ព្រំដែន ដោយរថយន្តទាំងនោះ ត្រូវបានគេបញ្ជូនទៅភាគអាគ្នេយ៍នៃខេត្ត Hatay។
ប្រភពដដែល បានបន្ថែមថា ក្បួនរថយន្តទី៣ នៃរថពាសដែកមួយគ្រឿង កំពុងធ្វើដំណើរទៅកាន់ស្រុក Reyhanli របស់ខេត្ត Hatay ដែលជាច្រកព្រំដែន Cilvegozu របស់តួកគី ជាមួយប្រទេសស៊ីរី។
គួរបញ្ជាក់ដែរថា ក្រុមមន្ត្រីប្រឆាំងស៊ីរី និងសកម្មជន បាននិយាយថា ពួកគេរំពឹងថា ពួកទាហានតួកគី នឹងបន្តដំណើរឆ្ពោះមកកាន់ប្រទេសស៊ីរី តាមលក្ខខណ្ឌដែលបានសម្រេច នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពស៊ីរីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដែលសន្ធិសញ្ញានេះ តម្រូវឲ្យកងកម្លាំងតួកគីចូលក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមប្រឆាំងស៊ីរី នៅខេត្ត Idlib ៕
មតិយោបល់