ថៃៈ ការស្វែងរកអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងត្រូវបានធ្វើទ្បើងពីសំណាក់យោធាថៃ បន្ទាប់ពីលោកស្រី មិនបានបង្ហាញខ្លួន សម្រាប់សាលក្រមរបស់តុលាការ នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដែលអាចឲ្យលោកស្រី ប្រឈមនឹងជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ពីបទធ្វេសប្រហែស ក្នុងកម្មវិធីឧបត្ថម្ភអង្ករ ជួយកសិករ ក្នុងពេលលោកស្រីកាន់អំណាច។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
មកទល់ពេលនេះ កន្លែងស្នាក់នៅរបស់លោកស្រី យីងឡាក់ មិនទាន់ត្រូវបានគេដឹងនៅទ្បើយទេ ហើយការបាត់ខ្លួនរបស់លោកស្រី បានជំរុញឲ្យមានការភ្ញាក់ផ្អើល ខណៈដែលមានការលើកទ្បើងថា លោកស្រី បានភៀសខ្លួនចេញពីប្រទេស។
មន្ត្រីគណបក្សភឿថៃរបស់លោកស្រី យីងឡាក់ ដែលជិតស្និទ្ធនឹងក្រុមគ្រួសារស៊ីណាវ៉ាត្រា បានប្រាប់សារព័ត៌មាន The Associated Press ថា លោកស្រី មិនស្ថិតនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែមន្ត្រីរូបនោះ មិនបានផ្តល់ព័ត៌មាន លំអិតផ្សេងទេ ហើយបានបដិសេធមិនបញ្ជាក់អ្វីបន្ថែមទៀតទ្បើយ ដោយសារតែនៅពេលនេះ ពាក់ព័ន្ធនឹងរឿងភៀសខ្លួនលោកស្រី យីងទ្បាក់ កំពុងជាប្រធានបទដ៏រសើប។
លោកស្រី យីងឡាក់ មានអាយុ ៥០ ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ នៅពេលដែលគណបក្សរបស់លោកស្រី បានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១១។
សូមបញ្ជាក់ថា ចាប់តាំងពីតុលាការបើកសវនាវការជំនុំជម្រះ ក្នុងរយៈពេល ១ឆ្នាំកន្លះនេះ ប្រជាកសិករថៃ ដែលរស់នៅភាគខាងជើងប្រទេស តែងតែនាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីជួយលើកទឹកចិត្តដល់លោកស្រី យីងឡាក់ នៅរាល់លើកដែលលោកស្រី ត្រូវចូលខ្លួនទៅក្នុងតុលាការ។ លោកស្រីយីងឡាក់ធ្លាប់បានបរិហាររួចហើយថា សនវការជំនុំជម្រះលោកស្រី គ្រាន់តែជាយុទ្ធសាស្រ្តនយោបាយ ដែលរដ្ឋាភិបាលសឹកថៃ បានធ្វើវាឡើង ដើម្បី បោសសម្អាតត្រកូលស៊ីណាវ៉ាត របស់លោកស្រី ចេញពីពិភពនយោបាយថៃប៉ុណ្ណោះ៕
មតិយោបល់