ព័ត៌មានអន្តរជាតិ

អាមេរិក វាយប្រហារដែនអាកាសនៅស៊ីរី ផ្ដាច់ជីវិតជនស៊ីវិល ៨៤ នាក់

ស៊ីរីៈ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បាននិយាយនៅថ្ងៃច័ន្ទនេះថា ការវាយប្រហារតាមអាកាស ដឹកនាំដោយអាមេរិក នៅទីក្រុង Raqqa ជាតំបន់គ្រប់គ្រងដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊ីរី កាលពីខែមីនាកន្លងទៅ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៨៤ នាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

អង្គការ HRW បានបន្ថែមថា ការវាយប្រហារនេះ បានកើតទ្បើងនៅតំបន់ពីរកន្លែង ដែលទី១ គឺនៅផ្ទះសាលារៀនមួយ ដោយវាបានបង្កឲ្យមានការជម្លៀសគ្រួសារជាច្រើនចេញពីទីក្រុង Mansourah និងមួយទៀត នៅផ្សារ និងហាងនំបុ័ងមួយ ក្នុងទីប្រជុំជន Tabqa ។

ប្រភពដដែលបានបញ្ជាក់ថា ទីតាំងវាយប្រហារទាំងនោះ ត្រូវបានគេរាយការណ៍ថា មានវត្តមានពួកយុទ្ធជាច្រើននាក់ ប៉ុន្តែជនស៊ីវិលមួយចំនួនធំ ក៏ស្ថិតនៅទីនោះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Ole Solvang ប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់ HRW បានថ្លែងថា «ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ក្នុងនោះក៏រួមមានកុមារជាច្រើនផងដែរ ខណៈពួកគេកំពុងស្វែងរកទីជំរកនៅក្នុងសាលារៀន ឬកំពុងតម្រង់ជួរ ដើម្បីទិញនំបុ័ងនៅហាងលក់នំប៉័ង»៕

មតិយោបល់