បារាំងៈ ស្ថានភាពសង្គ្រោះបន្ទាន់មួយ ត្រូវបានប្រកាសទ្បើង ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានជំនន់ជនលិច នៅប្រទេសបារាំង ដែលបណ្ដាលឲ្យមនុស្សចំនួនពីរនាក់ បាត់បង់ជីវិត និងរាប់ពាន់អ្នកទៀត ត្រូវបានជម្លៀសខ្លួនចេញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។
ក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រ បានឲ្យដឹងថា បុរសអាយុ ៧៤ ឆ្នាំម្នាក់ ជិះលើខ្នងសេះបានបាត់បង់ជីវិត បន្ទាប់ពីគាត់ត្រូវបានហូរទៅឆ្ងាយដោយទឹកជំនន់ នៅឃុំ Evry-Gregy-sur-Yerre ភាគខាងត្បូងទីក្រុងប៉ារីស។
កាលពីល្ងាចថ្ងៃពុធស្ត្រីអាយុ ៨៦ឆ្នាំម្នាក់ ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងផ្ទះរបស់នាង នៅភាគនិរតីជាយទីក្រុងប៉ារីស។
ថ្លែងទៅកាន់ទូរទស្សន៍របស់រដ្ឋបារាំង រដ្ឋមន្រ្តីក្រសួងបរិស្ថានវិទ្យាបារាំង លោកស្រី Segolene Royal បាននិយាយថា ខណៈនេះ ការព្រួយបារម្ភថា ជនរងគ្រោះកាន់តែច្រើន ក្រោយពេលដែលទឹកបានចាប់ផ្តើមស្រក នៅក្នុងតំបន់ដែលរងផលប៉ះពាល់។
គួរបញ្ជាក់ដែរថា ទឹកជំនន់នេះ បានបណ្ដាលឲ្យប្រជាពលរដ្ឋរាប់សិបគ្រួសារ បាត់បង់ផ្ទះសម្បែង ហើយមេដឹកនាំពាណិជ្ជកម្មជាច្រើន ត្រូវបាត់បង់អាជីវកម្ម ដែលធ្វើឲ្យបុគ្គលិកជាច្រើននាក់ កំពុងគ្មានការធ្វើ៕


មតិយោបល់