អឺរ៉ុបៈ ទីភ្នាក់ងារត្រួតពិនិត្យចរាចរអាកាសអន្តរជាតិ Eurocontrol បានព្រមានក្រុមហ៊ុនអាកាសចរណ៍ ឲ្យប្រុងប្រយ័ត្នជើងហោះហើរនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ដោយសារតែការវាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរី ទំនងជាអាចកើតមានទ្បើងក្នុងរយៈពេល ៧២ ម៉ោងខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
ប្រភពដដែលបាននិយាយថា មីស៊ីលធុនស្រាល អាចត្រូវបានប្រើប្រាស់ នៅក្នុងអំឡុងពេលការវាយប្រហារនោះ ហើយក៏នឹងមានលទ្ធភាពនៃការរំខានដល់ឧបករណ៍ស្ទង់មើលទិសទី ក្នុងការហោះហើរផងដែរ។
ការព្រមាននេះ កើតទ្បើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងពិភាក្សាពីសកម្មភាពយោធា ដែលអាចធ្វើទៅបាន បន្ទាប់ពីពួកគេបានបន្ទោសមេដឹកនាំស៊ីរីលោក Bashar al-Assad ទៅលើការសង្ស័យថា បានវាយប្រហារអាវុធគីមី កាលពីថ្ងៃសៅរ៍ នៅលើទីក្រុងកាន់កាប់ដោយពួកឧទ្ទាម ដែលបានប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី៕
មតិយោបល់