ថៃៈ បន្ទាប់ពីប៉ូលិសបានបញ្ជាក់កាលពីថ្ងៃអង្គារថា អតីតនាយរដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ា បានស្ថិតនៅក្នុងប្រទេសអង់គ្លេសនោះ ក្រសួងទំនាក់ទំនងអន្តរជាតិរបស់ការិយាល័យអគ្គរដ្ឋអាជ្ញាថៃ កំពុងរៀបចំសំណើ ដើម្បីធ្វើបត្យាប័នលោកស្រី ដែលបានរត់គេចខ្លួននេះមកវិញហើយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។
អគ្គរដ្ឋអាជ្ញាថៃលោក អំណត់ ចុតចៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដឹកនាំក្រុមការងារ រួមទាំងស្វែងរកក្រុមអ្នកជំនាញ ដើម្បីធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងស្ថិតនៅទីក្រុងឡុងដ៍ និងបានស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។
ក្នុងនោះលោក ក៏បានបញ្ជាក់ទៀតថា បើទោះបីការបង្កើតក្រុមការងារនេះ មិនទាន់ទទួលបានសំណើជាផ្លូវការពីប៉ូលិស ដើម្បីតាមរកចាប់ខ្លួន លោកស្រីយីងឡាក់ ក៏ដោយ ប៉ុន្តែរូបលោក នឹងផ្តល់ហេតុផលសមស្របដល់ចំណាត់ការរបស់ខ្លួន សម្រាប់កិច្ចការមួយនេះ ដោយអគ្គរដ្ឋអាជ្ញា បានលើកទ្បើងថា ករណីរបស់លោកស្រី យីងឡាក់ គឺជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមិនមែននយោបាយនោះទេ។
គួររំឭកថា លោកស្រី យីងឡាក់ បានរត់ភៀសខ្លួនចេញពីប្រទេសថៃ កាលពីចុងខែសីហាកន្លងទៅ គឺនៅមុនពេលដែលតុលាការជាន់ខ្ពស់ថៃ បានប្រកាសសាលក្រមចុងក្រោយ ដែលជាប់ទាក់ទងទៅនឹងគម្រោងទិញស្រូវអង្ករដ៏ចម្រូងចម្រាស់ នៅអំទ្បុងការដឹកនាំរបស់រដ្ឋបាលលោកស្រី៕

មតិយោបល់