កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទប្រកាន់ថា ការជំរុញឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី ស្ដីពីច្បាប់យោធាសន្តិភាពនិយម របស់រដ្ឋបាលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ គឺមានបំណងឈ្លានពាន នៅឧបទ្វីបកូរ៉េទ្បើងវិញ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
ប្រតិកម្មឆ្លើយតបរបស់ក្រុងព្យុងយ៉ាង បានធ្វើទ្បើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការទទួលបានជ័យជម្នះដ៏ធំមួយ នៅក្នុងការបោះឆ្នោតនៅជប៉ុន បានផ្ដល់នូវអាណត្តិដ៏រឹងមាំមួយ សម្រាប់លោក អាបេ ដើម្បីជំរុញឲ្យមានគោលនយោបាយការបរទេស កាន់តែតឹងរឹងជាងមុន ចំពេលដែលមានភាពតានតឹង ជាមួយកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េ KCNA បានចេញផ្សាយថា ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ក្រុងតូក្យូ គឺដើម្បីរក្សាមហិច្ឆតាមហាអំណាច និងការត្រួសត្រាយផ្លូវរបស់ពួកគេ នៅលើឧបទ្វីបកូរ៉េ ដែលទង្វើនេះ គឺជាការប៉ុនប៉ងលុកលុយប្រទេសកូរ៉េទ្បើងវិញ។
សូមជំរាបថា យោងតាមមាត្រទី៩ នៃរដ្ឋធម្មនុញ្ញ ដែលជប៉ុនបានចុះហត្ថលេខាជាមួយអាមេរិក មានន័យថាជប៉ុនមិនអាចកាន់កាប់អាវុធ ដោយពុំមានការយល់ព្រមពីមហាអំណាចនោះទេ ប៉ុន្តែរដ្ឋបាលលោក អាបេ បានធ្វើកំណែទម្រង់វា ដោយអនុញ្ញាតឲ្យមានកម្លាំងយោធាសារជាថ្មីទ្បើងវិញ ដើម្បីជាការការពារខ្លួន៕
មតិយោបល់