ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាមិនបោះបង់កម្មវិធីនុយក្លេអ៊ែរនោះទេ ប្រសិនបើកិច្ចព្រមព្រៀងអាវុធ ជាមួយអ៊ីរ៉ង់បរាជ័យ

បរទេស: រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានព្រមានអាមេរិក ជុំវិញការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ថា វាអាចនឹងធ្វើឲ្យកូរ៉េខាងជើង បោះបង់ចោលកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនិងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីលោក Gabriel បាននិយាយថា «ការព្រួយបារម្ភដ៏ធំបំផុតរបស់យើង គឺទាក់ទងទៅនឹងក្រុងព្យុងយ៉ាង ដែលយើងជឿថា របបផ្តាច់ការមួយនេះ អាចនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះបង់ចោលនូវកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីការកសាងអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើកិច្ចព្រមព្រៀងមួយ ដែលត្រូវបានទទួលស្គាល់ដោយពិភពលោក ជាមួយប្រទេសអ៊ីរ៉ង់ ត្រូវបានអនុញ្ញាតឲ្យលុបចោលមែននោះ»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ត្រូវបានគេមើលឃើញថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់មិនអើពើចំពោះកិច្ចចរចា ជាមួយកូរ៉េខាងជើងនោះទេ ដោយលោកបានសំអាងកាលពីថ្ងៃច័ន្ទថា ប្រទេសរបស់លោក បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ទៅឲ្យទីក្រុងព្យុងយ៉ាង ខណ:មិនទទួលបានអ្វីមកវិញទាល់តែសោះ ហើយលោកក៏បញ្ជាក់ទៀតថា កិច្ចចរចាសម្រាប់អាមេរិក ដែលមានរយ:ពេល ២៥ ឆ្នាំកន្លងមកនេះ មើលទៅដូចជា «មនុស្សល្ងីល្ងើអីចឹង»។

ដោយលោក បានអះអាងថា រឿងតែមួយគត់ប៉ុណ្ណោះ ដែលអាមេរិកត្រូវធ្វើជាមួយកូរ៉េខាងជើង គឺជាដំណោះស្រាយយោធាមួយ នៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់