កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល ព្រមទាំងក្រុងវ៉ាស៊ីនតោន នឹងធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ក្បែរឧបទ្វីបកូរ៉េនៅសប្ដាហ៍ក្រោយ
ដោយមានវត្តមាននៃនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីមន្ត្រីកងជើងទឹករបស់កូរ៉េខាងត្បូង បាននិយាយថា «ការធ្វើសមយុទ្ធយោធារួមគ្នានៃប្រទេសទាំងពីរ នឹងត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នាសប្ដាហ៍ខាងមុខ នៅដែនទឹកភាគខាងកើត និងខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង»។
ការចូលរួមសមយុទ្ធពីយោធាអាមេរិក មិនត្រឹមតែមាននាវាចម្បាំងដឹកយន្តហោះ USS Ronald Reagan ប៉ុណ្ណោះទេ ប៉ុន្តែក៏មានអមដោយនាវាពិឃាដ Aegis បំពាក់គ្រាប់មីស៊ីល នាវាមុជទឹកដើរដោយនុយក្លេអ៊ែរ និងនាវាពិឃាដ Sejong the Great Aegis របស់កូរ៉េខាងត្បូងទៀតផង។
សូមជំរាបថា សមយុទ្ធនេះ គឺជាប្រតិបត្តិការពិសេសរវាងកូរ៉េខាងត្បូង និងអាមេរិកនៅដែនសមុទ្រ ក្នុងគោលបំណងដើម្បីការពារការជ្រៀតជ្រែក ពីកងកម្លាំងពិសេសរបស់សត្រូវពួកគេ៕
មតិយោបល់