(រ៉ង់ហ្គូន)៖ អ្នកទោសនយោបាយយ៉ាងហោចណាស់ ១៣៨នាក់ត្រូវបានដោះលែង កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីការចោទប្រកាន់ពួកគេកន្លងមកត្រូវបានលើកលែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ិនហួ នៅថ្ងៃព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦។
ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងទាំង ១៣៨នាក់នោះ គឺមាន ២៥នាក់ជាស្ត្រីដោយពួកគេ ត្រូវបានដោះលែងពីពន្ធនាគារនៃតំបន់ Bago, Magway, Yangon, និង Mandalay។ ក្រៅពីការដោះលែងនេះ ក៏មានអ្នកទោសនយោបាយកម្រិតធ្ងន់ចំនួន ២,១៧៨នាក់ផ្សេងទៀត ត្រូវបានសម្រេចបន្ធូរបន្ថយទោស ឲ្យបានស្រាលជាងមុនផងដែរ។
គួរបញ្ជាក់ថា ការដោះលែងនេះបានកើតឡើងក្រោយពីរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី ឡើងកាន់អំណាចពេញលេញ ហើយនេះជាការសន្យាផ្ទាល់របស់លោកស្រី ស៊ូជី តាំងពីដើមរៀងមកដែរថា នឹងដោះលែងអ្នកទោសនយោបាយនានា នៅពេលលោកស្រីឡើងកាន់ អំណាចជាផ្លូវការ៕
មតិយោបល់