ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជួយសង្គ្រោះពាក់មួកពណ៌សជាង ៤០០ នាក់ បានបរាជ័យក្នុងការចាកចេញពីស៊ីរី

ស៊ីរីៈ ក្រុមអ្នកជួយសង្គ្រោះពាក់មួកសស៊ីរីរាប់រយនាក់ និងគ្រួសាររបស់ពួកគេ កំពុងធ្វើការភៀសខ្លួនចេញពីប្រទេសស៊ីរី ខណៈដែលកងកម្លាំងរដ្ឋាភិបាល កំពុងបិទច្រកចេញចូល ក្នុងទឹកដែលកាន់កាប់ដោយពួកឧទ្ទាម ស្ថិតនៅភាគខាងត្បូងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មាន Agence France Presse រាយការណ៍ថា បុគ្គលិកជួយសង្គ្រោះពាក់មួកសុវត្ថិភាពពណ៌ស និងសមាជិកគ្រួសាររបស់ពួកគេ ត្រូវបានបរាជ័យក្នុងការចាកចេញពីប្រទេសស៊ីរី ដោយសារស្ថានភាពអវិជ្ជមាននៅក្នុងតំបន់ ហើយបច្ចុប្បន្ន ពួកគេកំពុងជាប់នៅទីនោះ។

ប្រភពដដែលបានឲ្យដឹងថា ឱកាសនៃការជម្លៀសជាថ្មី នៅមានសង្ឃឹមតិចតួចប៉ុណ្ណោះ ដោយសារតែស្ថានការណ៍អស្ថេរភាពនៅក្នុងប្រទេសស៊ីរី។

កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ស្របតាមសំណើ ដែលពាក់ព័ន្ធនឹងអាមេរិក កាណាដា ក៏ដូចជាបណ្តាប្រទេសនៅអ៊ឺរ៉ុប អ៊ីស្រាអែលបានជម្លៀសក្រុមអ្នកជួយសង្គ្រោះពាក់មួកពណ៌សចំនួន ៨០០នាក់ និងគ្រួសាររបស់ពួកគេ ទៅកាន់ប្រទេសហ្ស៊កដានី ស្ថិតនៅភាគខាងត្បូងស៊ីរី នៅចំពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងប្រតិបត្តិការប្រយុទ្ធ ដើម្បីកម្ចាត់ក្រុមភេរវក Daesh ដែលនៅតែមានសកម្មក្នុងតំបន់នោះ៕

មតិយោបល់