ព័ត៌មានអន្តរជាតិ

អ្នកគ្រប់គ្រងស្ថានីយ៍រថភ្លើងស្រុកអារញ្ញ ជំរិតប្រាក់ពីពលករខ្មែរស្ទើក្លាយជាសេដ្ឋី

ថៃៈ មុខសញ្ញាល្មើសច្បាប់ម្នាក់ ដែលមាននាទីជាអ្នកគ្រប់គ្រងស្ថានីយ៍រថភ្លើង ក្នុងស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានសារព័ត៌មាន នៅក្នុងប្រទេសថៃ ធ្វើការរិះគន់យ៉ាងចាស់ដៃ ក្រោយពីមុខសញ្ញាម្នាក់នេះបានប្រព្រឹត្ត ទង្វើល្មើសនឹងច្បាប់ ដោយបានធ្វើការជំរិតទាប្រាក់ពីពលករខ្មែរដែលធ្វើដំណើរតាមខ្សែរថភ្លើង បើទោះបីជាពួកគេមានច្បាប់ត្រឹមត្រូវក៏ដោយ ដោយបញ្ហានេះបានកើតឡើងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែមិនទាន់ឃើញអង្គភាពពាក់ព័ន្ធណា ចាត់វិធានការទៅលើបុគ្គលរូបនេះឡើយ។

ជាក់ស្តែង បើយោងតាមប្រភពព័ត៌មានក្នុងស្រុកថៃបានចុះផ្សាយក្នុងថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៦ នេះថា នៅវេលាម៉ោង១០ និង៣០នាទី ក្នុងបរិវេណស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ គឺមានការរអ៊ូរទាំយ៉ាងខ្លាំងពីសំណាក់ ក្រុមពលករខ្មែរ ដែលពួកគេបានវិលត្រឡប់មកកម្ពុជាវិញតាមរយៈខ្សែរថភ្លើង ដើម្បីមកលេងស្រុកកំណើត ក្នុងគោលបំនងជួបជុំក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ នាថ្ងៃ បុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ គឺត្រូវបានលោកប្រធានស្ថានីយ៍ឈ្មោះ បុណ្យរិទ្ធ គីងចរ ធ្វើការដាក់កំលាំងស្ទាក់ឃាត់ពលករខ្មែរទាំងអស់ ដោយបង្ខំជំរិតទាប្រាក់ក្នុងម្នាក់ៗ ចាប់ពី ៣០០ បាតទៅ ៤០០បាត ទើបអនុញ្ញាតឲ្យធ្វើដំណើរបន្តទៅកាន់ផ្សាររោងក្លឿ នាខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ។

សារព័ត៌មានដដែលបានសង្កត់ធ្ងន់ថា បញ្ហាជំរិតទាប្រាក់លើពលករខ្មែរបែបនេះ គឺគេបានធ្វើឡើងក្នុងរយៈពេលជាយូរមកហើយ ដែលបុគ្គលរូបនេះស្ទើរតែក្លាយជា សេដ្ឋីទៅហើយ ព្រោះពលករខ្មែរមិនតិចទេក្នុងការចេញចូលទៅធ្វើការនៅក្នុងប្រទេសថៃ បើទោះបីជាពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ។ គេមិនទាន់ឃើញអង្គភាពពាកើព័ន្ធណាមួយធ្វើអន្តរាគមន៍ និងមានចំណាត់ការលើរឿងនេះឡើយ ដោយទុកបណ្តោយឲ្យបុគ្គលមួយរូបនេះ ធ្វើព្យុះធ្វើភ្លៀងទៅតាមទំនើងចិត្តនៅក្នុងស្ថានីយ៍រថភ្លើងនេះ៕

photo_2016-09-19_20-54-42

មតិយោបល់