ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងថា សង្គ្រាមនុយក្លេអ៊ែរ អាចនឹងផ្ទុះទ្បើងនៅពេលណាមួយ

កូរ៉េ: អនុរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ បានព្រមានថា «ស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានឈានដល់ដំណាក់កាលកាន់តែផុយស្រួយ ហើយសង្គ្រាមនុយក្លេអ៊ែរ អាចត្រូវបានផ្ទុះទ្បើងនៅពេលណាមួយ ជាក់ជាមិនខាន»។ នេះបើយោងតា​មសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

លោក Kim In-ryong បានប្រាប់នៅមហាសន្និបាតរបស់គណ:កម្មាធិការអង្គការសហប្រជាជាតិ ស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃច័ន្ទថា កូរ៉េខាងជើងជាប្រទេសតែមួយគត់ នៅក្នុងពិភពលោក ដែលត្រូវបានទទួលរងនូវការគំរាមកំហែងនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា និងដោយផ្ទាល់ពីអាមេរិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០កន្លងមក ហេតុដូច្នេះរបបខ្លួន គួរតែមានសិទ្ធិក្នុងការកាន់កាប់អាវុធនុយក្លេអ៊ែរ ដើម្បីការការពារខ្លួន។

លោក Kim បានចង្អុលបង្ហាញថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អាមេរិក ជារៀងរាល់ឆ្នាំ ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ទើបជាអ្វីដែលគ្រោះថ្នាក់បំផុត ដោយលោកបានហៅវាថា ផែនការមួយ ដែលអាមេរិករៀបចំទ្បើង ដើម្បីប្រតិបត្តិការសម្ងាត់ក្នុងការធ្វើឃាតមេដឹកនាំកំពូលរបស់ខ្លួន។

ក្នុងនោះលោកក៏បានបន្ថែមថា «ដីគោករបស់អាមេរិកទាំងមូល ស្ថិតនៅក្នុងជួរបាញ់របស់យើង ហើយប្រសិនបើអាមេរិក ហ៊ានលុកលុយដែនដីពិសិដ្ឋរបស់យើង សូម្បីតែមួយអ៊ីញក៏ដោយ វានឹងគេចមិនផុតពីការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើងទ្បើយ»៕

មតិយោបល់