ព័ត៌មានជាតិ

ឃុំខ្លួននគរបាល ដែលបាញ់សម្លាប់សន្តិសុខ ព្រោះរឿងច្រៀងខារ៉ាអូខេ ពីបទឃាតកម្ម និងប្រើអាវុធខុសច្បាប់

ភ្នំពេញៈ​ យោងតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថានៅម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉េង តូនី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី បានសម្រេចចេញដីកា ឃុំខ្លួនលើ ជនត្រូវចោទដែល បានបាញ់សម្លាប់សន្តិសុខម្នាក់ នៅក្នុងហាងផឹងស៊ី ក្នុងសង្កាត់ស្ទឹងមានជ័យ ជាបណ្ដោះអាសន្ន នៅពន្ធនាគារ ដើម្បីរង់ចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពដដែលបានបន្ថែមថា លោក ស្រី ម៉ាកនី ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ សាន​ បូរី​ ភេទប្រុស អាយុ ៣៨ឆ្នាំ​ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ស្នាក់នៅផ្ទះលេខ៣១២​ ក្រុម១១​ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទ ឃាតកម្ម និងបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីយប់​ ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៧ កន្លងទៅ ​មានករណី ឃាតកម្មមួយបានកើតឡើង ដោយផ្តើមចេញពីទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី និងច្រៀងខារ៉ាអូខេ នៅចំណុចក្នុង​ហាងលក់គ្រឿងក្លែមផ្លូវលំ​ ក្រុមទី១១​ ក្នុងភូមិទ្រាល​ ជាប់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ក្រោយពីទាស់សម្តីគ្នារួច ជនត្រូវចោទឈ្មោះ សាន​ បូរី​ បានទៅផ្ទះយកកាំភ្លើងម៉ាក រ៉ូឡូ ទៅបាញ់លើជនរងគ្រោះឈ្មោះ ជ័យ​ ប៊ុនថន​ ភេទប្រុស អាយុ ៥០ឆ្នាំ​ មុខរបរ ជាសន្តិសុខផ្សារស្ទឹងមានជ័យ​ ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំនួន ៣គ្រាន់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាពរួចសមត្ថកិច្ចបាន ឃាត់ខ្លួនជនត្រូវចោទយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

https://youtu.be/b5r52j8-Z9M

មតិយោបល់