ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងមិនធ្វើកិច្ចចរចាទ្បើយ រហូតទាល់តែខ្លួនអាចវាយប្រហារ នៅឆ្នេរសមុទ្រខាងកើតរបស់អាមេរិក

កូរ៉េៈ ប្រភពពីមន្ត្រីកូរ៉េខាងជើងម្នាក់ បានឲ្យដឹងថា កិច្ចចរចាតាមរយៈការទូត ដើម្បីបញ្ចប់វិបត្តិនាពេលបច្ចុប្បន្ន គឺត្រូវបានបិទទ្វារ រហូតទាល់តែក្រុងព្យុងយ៉ាង អាចប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ដោយការអភិវឌ្ឍកម្មវិធីមីស៊ីល ដែលអាចវាយប្រហារដល់ឆ្នេរសមុទ្រខាងកើត និងភាគកណ្ដាលជាយទីក្រុងអាមេរិកដូចជា វ៉ាស៊ីនតោន ឌីស៊ី និងញូវយ៉កជាដើម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

ថ្លែងបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ មន្ត្រីរូបនេះបាននិយាយថា «មុនពេលយើង អាចចូលតុចរចាតាមរយៈការទូត ជាមួយរដ្ឋបាលលោក ត្រាំ នោះ យើងចង់បង្ហាញភាពច្បាស់លាស់មួយ ដល់អាមេរិកថា កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួន រួមទាំងវាយលុកប្រឆាំងនឹងការឈ្លានពាន ពីសំណាក់ក្រុងវ៉ាស៊ីនតោន»។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីការទូតកំពូលនៅអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារថា នឹងបន្តប្រើសម្ពាធសេដ្ឋកិច្ច ប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីឲ្យរដ្ឋនុយក្លេអ៊ែរមួយនេះ ព្រមចូលមកអង្គុយនៅតុចរចា៕

មតិយោបល់