ព័ត៌មានអន្តរជាតិ

លោក មូន៖ ទំនាក់ទំនងកូរ៉េខាងត្បូង ជាមួយអាមេរិក គឺរឹងមាំ និងខ្លាំងក្លាជានិច្ច

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ទំនាក់ទំនងរដ្ឋាភិបាលខ្លួន ជាមួយអាមេរិក គឺរឹងមាំ និងខ្លាំងក្លាជានិច្ច ខណៈដែលរដ្ឋបាលរបស់លោក ត្រៀមរៀបចំកិច្ចប្រជុំកំពូលមួយ ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីមជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

រដ្ឋបាលរបស់លោក មូន បានប្រឈមមុខនឹងការសួរសំណួរពីសមាជិកសភាថា តើមានមតិយោបល់ ឬគោលនយោបាយខុសគ្នាដែរឬទេ សម្រាប់សម្ព័ន្ធមិត្តដ៏រឹងមាំរវាងកូរ៉េខាងត្បូង និងអាមេរិក ស្របពេលដែលរដ្ឋបាលលោក កំពុងមានបំណងចូលរួមកិច្ចប្រជុំកំពូលមួយ ជាមួយកូរ៉េខាងជើង ដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាងនោះ។

ពាក់ព័ន្ធនឹងសំណួរនេះ លោក មូន បានប្រាប់ទស្សនាវដ្ដី Monocle ថា «ប្រធានាធិបតីអាមេរិកលោក ត្រាំ បាននិយាយថា ខ្ញុំ (លោក មូន) អាចប្រាប់គាត់ (លោក ត្រាំ) នៅពេលណាក៏បាន ប្រសិនបើត្រូវការជំនួយក្នុងដំណើរការសន្ទនាអន្តរកូរ៉េ ហើយថា គាត់គាំទ្រខ្ញុំ ១០០ ភាគរយ»។

ក្នុងនោះលោក មូន បានបញ្ជាក់ទៀតថា គោលបំណងដល់ចម្បងរបស់លោក គឺដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងពង្រឹងសន្តិភាពនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់