កូរ៉េៈ បន្ទាប់ពីមានការបង្គាប់បញ្ជាពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឲ្យកូរ៉េខាងជើង បញ្ឈប់ការអភិវឌ្ឍកម្មវិធីមីស៊ីលបាលីស្ទិកទាំងអស់ និងអាវុធនុយក្លេអ៊ែររបស់ខ្លួន រដ្ឋមន្រ្តីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ បានលើកទ្បើងថា «ក្រុងព្យុងយ៉ាង មានការរីកចម្រើនលើកម្មវិធីមីស៊ីលរបស់ខ្លួន លឿនជាងរំពឹងទុក របស់ក្រុងសេអ៊ូលទៅទៀត ខណៈដែលការធ្វើតេស្តមីស៊ីលចុងក្រោយនេះ ត្រូវចាប់សញ្ញាបានដោយប្រព័ន្ធការពារ THAAD ប្រឆាំងនឹងមីស៊ីលរបស់អាមេរិក ។ នេះបើយោងតាមរយៈ សារព័ត៌មាន Spunits ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។
កូរ៉េខាងជើង ត្រូវបានគេមើលឃើញថា កំពុងបន្តការអភិវឌ្ឍអាវុធរបស់ខ្លួន ជាមួយមីស៊ីលដ៏មានសមត្ថភាព អាចវាយប្រហារដល់ដីគោករបស់អាមេរិក បើទោះបីជាមានការដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិ និងការសន្ទនាតាមទូរស័ព្ទពីអន្តរជាតិ ដើម្បីឲ្យរបបនេះ បោះបង់ការផលលិតអាវុធប្រល័យលោកក៏ដោយ។
ទំនាក់ទំនងក្រុងព្យុងយ៉ាង ជាមួយនឹងអតីតសម្ព័ន្ធមិត្តចិន កំពុងមានភាពតានតឹងខ្លាំងទ្បើង ខណៈដែលក្រុងប៉េកាំង បានស្នើឲ្យកូរ៉េខាងជើង ទប់ស្កាត់សកម្មភាពអាវុធរបស់ខ្លួន ដែលបានធ្វើទ្បើងបន្ទាប់ពីប្រទេសនេះ ធ្វើតេស្តមីស៊ីលមួយ កាលពីថ្ងៃអាទិត្យ ចំពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីងពីង នឹងត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ស្ដីពីការផ្តួចផ្តើមដែលបង្កើតទ្បើង ដើម្បីពង្រីកផ្លូវសូត្រ ជាផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មមួយ នៅទូទាំងទ្វីបអាស៊ី។
សូមជំរាបថា ពាក់ព័ន្ធនឹងសកម្មភាពគឃ្លើនរបស់ក្រុងព្យុងយ៉ាង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានថា «សម័យកាលនៃភាពអត់ធ្មត់ជាយុទ្ធសាស្រ្ត ដែលស្ថិតនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក អូបាម៉ា នឹងមិនបន្តក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នាពេលបច្ចុប្បន្ននេះទ្បើយ»៕

មតិយោបល់