អាមេរិកៈ មន្រ្តីចារកម្មក្រុងវ៉ាស៊ីនតោន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើង បានចាប់ផ្តើមសាងសង់នាវាមុជទឹក សម្រាប់បាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។
ប្រភពដដែលបានវាយតម្លៃថា នាវាមុជទឹកកំពុងសាងសង់នោះ ឈ្មោះថា Sinpo-C-class និងមានទម្ងន់ ២,០០០ តោន ជាមួយទទឹងប្រវែង ១១ ម៉ែត្រ ដែលទីតាំងផលិតវាស្ថិតនៅដែនទឹក Sinpo ក្នុងឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកវិភាគមួយចំនួន បាននិយាយថា ការបង្កើនសមត្ថភាពបាញ់មីស៊ីលផ្លោង ពីនាវាមុជទឹករបស់កូរ៉េខាងជើង កំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់របបនេះ ក្នុងការពង្រឹងកម្មវិធីមីស៊ីល សម្រាប់កងកម្លាំងខ្លួនទប់ទល់នឹងសត្រូវ ក៏ដូចជាស្វែងរកមធ្យោបាយថ្មី ដើម្បីគេចផុតពីការគំរាមគំហែងរបស់អ្នកជិតខាងខ្លួន៕
មតិយោបល់