អាមេរិក៖ គ្រាប់រ៉ូកែត SpaceX របស់ទីភ្នាក់ងារអវកាស NASA ត្រូវបានផ្ទុះឆេះខណៈពេលត្រៀមបាញ់បង្ហោះពីមូលដ្ឋាន Cape Canaveral ប៉ុន្តែសំណាងល្អ ព្រោះមិនបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស តែវាបានបំផ្លាញ់ផ្កាយរណបរបស់ Facebook។
សារព័ត៌មាន CNN បានចេញផ្សាយដោយដកស្រង់សំដីរបស់លោក Elon Musk នាយកប្រតិបត្តិ SpaceX ថា គ្រាប់រ៉ូកែតត្រូវបានផ្ទុះឆេះឡើងដោយមិនដឹងមូលហេតុ ខណៈពេលត្រៀមបាញ់បង្ហោះ ដោយរ៉ូកែតមួយនេះ បាញ់បង្ហោះឡើងដើម្បបញ្ជូនផ្កាយរណបរបស់ Facebook ក្នុងគោលដៅនាំយកអ៊ីនធើណែតទៅចែកចាយនៅតំបន់អាហ្វ្រិក, មជ្ឈឹមបូព៌ា និងអឺរ៉ុប។
Facebook បានសហការជាមួយនឹងក្រុមហ៊ុនបារាំង Eutelsat Communications ដើម្បីបង្កើតផ្កាយរណបមួយដែលមានឈ្មោះថា Amos 6 ក្រោមកិច្ចសហការផ្ដល់ជំនួយបន្ថែមទៅលើបច្ចេកទេស ពីក្រុមហុនអ៊ីស្រាអ៊ែល Spacecom។
លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បានថ្លែងនៅលើបណ្ដាញសង្គម Facebook ថា លោកពិតជាសោកស្ដាយខ្លាំងណាស់នៅពេលទទួលបានដំណឹងដ៏អាក្រក់មួយនេះ ប៉ុន្តែលោកមិនបោះបង់គម្រោងមួយនេះឡើយ។
គួរបញ្ជាក់ផងដែរថា រ៉ូកែតនេះ បានផ្ទុះឆេះឡើងនៅម៉ោងប្រមាណ ៩:០៧នាទីព្រឹក និងនៅថេរវេលា៤នាទីចុងក្រោយនៃការត្រៀមបាញ់បង្ហោះ៕
មតិយោបល់