ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អះអាងមីស៊ីលខ្លួន មានសមត្ថភាពវាយកម្ទេចនាវាចម្បាំងអាមេរិក

កូរ៉េៈ ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន បានឈានដល់កម្រិតមួយ ដែលអាចវាយប្រហារទៅកាន់សហរដ្ឋអាមេរិក បើទោះបីជាក្រុមអ្នកសង្កេតការណ៍រុស្ស៊ី បានលើកទ្បើងថា ការអះអាងរបស់ក្រុងព្យុងយ៉ាង ទំនងជាហួសពីការពិតក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅឯសន្និសីទស្តីពីការទប់ស្កាត់ការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រលោក Choe Son-hui ប្រធាននាយកដ្ឋាននៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា បច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរដ៏មានសក្តានុពលរបស់ក្រុងព្យុងយ៉ាង កំពុងខិតចូលដល់កម្រិតនៃលំនឹងមួយ ជាមួយអាមេរិក។

ដោយអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយរបស់ប្រទេសខ្លួន គឺដើម្បីធានាឲ្យបាននូវតុល្យភាព ជាមួយអាមេរិក ដូច្នេះពួកគេ នឹងមិនហ៊ាននិយាយអំពីសកម្មភាពយោធាណាមួយ ប្រឆាំងនឹងកូរ៉េខាងជើងឡើយ។

ក្នុងនោះលោក Choe បានបន្ថែមថា «ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឲ្យមានសក្ដានុពល គឺជាបញ្ហាអាយុជីវិត និងមរណភាពសម្រាប់ទីក្រុងព្យុងយ៉ាង ហើយរបបខ្លួន ពុំមានផែនការចរចា ជាមួយក្រុងវ៉ាស៊ីនតោន ស្តីពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរនោះទេ៕

មតិយោបល់