ព័ត៌មានអន្តរជាតិ

ប្រតិបត្ដិការវាយកម្ទេចពួកសកម្មប្រយុទ្ធ នៅអាហ្វហ្គានីស្ថាន ផ្ដាច់ជីវិតមនុស្ស ៩៥ នាក់

អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិក្នុងប្រទេស នៅព្រឹកថ្ងៃសុក្រនេះ បាននិយាយថា សកម្មប្រយុទ្ធសរុបចំនួន ៩៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការបោសសម្អាតពួកភេរវករ ពីសំណាក់យោធាអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានចាប់ផ្តើមប្រតិបត្តិការរយៈពេល ២៤ ម៉ោង ដើម្បីវាយកម្ទេចពួកភេរវករ និងសត្រូវដែលបង្កអស្ថិរភាព នៅតំបន់មួយចំនួនក្នុងប្រទេស ដែលជាលទ្ធផលក្រៅពីសម្លាប់ ក៏មានភេរវករ ៨ នាក់បានរងរបួស និង ១១នាក់ទៀត ត្រូវចាប់ខ្លួនផងដែរ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា កងកម្លាំងអាកាសនៃប្រទេស បានធ្វើការហោះហើរចំនួន ១១០ លើក ដើម្បីគាំទ្រដល់កងកម្លាំងជើងគោក អំឡុងការវាយឆ្មក់នៅខេត្តចំនួន ១២ ដោយបានរឹបអូសយកអាវុធ និងគ្រាប់រំសេវជាច្រើន ពីពួកសកម្មប្រយុទ្ធ។

គួររំឭកថា អំពើហឹង្សាដឹកនាំដោយពួកឧទ្ទាមតាលីបង់ នៅតែបន្តកើតមានក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលប្រតិបត្តិបង្ក្រាបដោយកងកម្លាំងសន្ដិសុខ បានធ្វើទ្បើងឥតឈប់ឈរផងដែរ៕

មតិយោបល់