ព័ត៌មានអន្តរជាតិ

លោក Duterte នឹងធ្វើការដោះស្រាយបញ្ហា ជាមួយប្រធានាធិនតីអាមេរិក

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលត្រូវបានរិះគន់យ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា លោកនឹងស្វាគមន៍ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមេដឹកនាំដ៏សំខាន់ម្នាក់ នៅអំទ្បុងពេលប្រមុខរដ្ឋទាំងពីរ ជួបគ្នានាខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

លោក Duterte បានប្រាប់អ្នកកាសែតនៅមុនដំណើរទស្សនកិច្ច របស់ខ្លួនទៅកាន់ប្រទេសជប៉ុនថា លោកគ្រោង នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន គឺលោក ស៊ីនហ្សូ អាបេ ដោយរូបលោកក៏នឹងស្ដាប់នូវអ្វីដែលលោក អាបេ ធ្វើការថ្លែងផងដែរ។

ក្នុងនោះលោក Duterte បានរំពឹងទុកថា នឹងមានការពិភាក្សាអំពីបញ្ហាដូចជា អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសហ្វីលីពីន និងអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក ត្រាំ ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីល លោក Sung Kim បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរ ទំនងជានឹងពិភាក្សាគ្នា អំពីបញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលនៅតែជាបញ្ហាដ៏ចម្រូងចម្រាស ទាក់ទងនឹងគោលនយោបាយ នៃសង្គ្រាមបង្ក្រាបថ្នាក់ញៀនរបស់ប្រធានាធិបតីហ្វីលីពីន ខណៈដែលលោក Duterte បានអះអាងថា កិច្ចចរចារនាខែវិច្ឆិកាខាងមុខ នឹងផ្តោតជាពិសេសទៅលើសំណួរចម្លើយ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

មតិយោបល់